អ៊ុយក្រែន នឹងឡើងជជែកតវ៉ាទល់មុខជាមួយរុស្ស៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ

អន្តរជាតិ

អ៊ុយក្រែន នឹងជួបតវ៉ាទល់មុខជាមួយរុស្ស៊ី នៅឯតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ ICJ នៃ​អង្គការសហប្រជាជាតិ នាថ្ងៃទី ០៦ មិថុនា ដើម្បីចោទប្រកាន់សត្រូវដែលជាពួកឧទ្ទាមគាំទ្រទីក្រុងមូស្គូអស់រយៈពេលជាច្រើនឆ្នាំ មុនពេលការលុកលុយពេញលេញកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រដ្ឋាភិបាលទីក្រុងគៀវ និងមូស្គូ នឹងផ្តល់អំណះអំណាងរបស់ពួកគេ ដល់ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ក្នុងសំណុំរឿងមួយដែលត្រូវបានចាប់ផ្តើមដោយអ៊ុយក្រែនកាលពីឆ្នាំ២០១៧។

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូ ពីបទរៀបចំផែនការប្រល័យពូជសាសន៍ ហើយក្នុង​ករណី​នោះ​ ICJ បាន​បញ្ជា​ឱ្យ​រុស្ស៊ី​ផ្អាក​ការ​ឈ្លានពាន។

ICJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេធាវីអ៊ុយក្រែននឹងនិយាយនៅថ្ងៃអង្គារចាប់ពីម៉ោង ១០ ព្រឹកម៉ោងក្នុងស្រុក (ម៉ោង ០៤ រសៀលម៉ោងនៅប្រទេសសិង្ហបុរី) ខណៈដែលប្រទេសរុស្ស៊ីនឹងថ្លែងទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកអ៊ុយក្រែននឹងឆ្លើយតបនៅថ្ងៃទី ១២ ខែមិថុនា និងរុស្ស៊ីនៅថ្ងៃទី ១៤ ខែមិថុនា។

អ៊ុយក្រែនបានចោទប្រកាន់ថា រុស្ស៊ីបានបំពានលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម និងការរើសអើងពូជសាសន៍ ហើយកំពុងស្វែងរកការខូចខាត សម្រាប់ការវាយប្រហារដោយពួកឧទ្ទាមគាំទ្រ ទីក្រុងម៉ូស្គូនៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤។

សូមជម្រាបដែរថា កន្លងមករុស្ស៊ីបានច្រានចោលទាំងអស់ រាល់ការចោទប្រកាន់​នានា​ទាក់ទង​នឹង​បញ្ហា​សង្គ្រាម ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់​ ICC ធ្លាប់ចោទប្រកាន់​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងបទនិរទេសកុមារដោយខុសច្បាប់ ពីតំបន់កាន់កាប់នៃអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី៕