តម្លៃភាគហ៊ុនអចលនទ្រព្យនៃប្រទេសចិននៅលើផ្សារហ៊ុនហុងកុង បានកើនឡើងជិត ៨% នៅថ្ងៃទី ០៦ មិថុនា ស្របពេលក្រុមវិនិយោគិនជាច្រើនរូបរំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងផ្ដល់ជំនួយនាពេលឆាប់ៗ ដើម្បីស្ដារវិស័យមួយនេះឡើងវិញ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Longfor Group បានកើនឡើង ១១% ខណៈក្រុមហ៊ុន Sunac China និង KWG Group កើនឡើង ១២% និង ១៨,៦%។
ដោយឡែក ក្រុមវិនិយោគិនមានសង្ឃឹមកាន់តែខ្ពស់ បន្ទាប់ពីទីក្រុងលំដាប់ទី ២ ជាច្រើនបានប្រកាសវិធានការគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេ ដ្បិតវិស័យអចលនទ្រព្យ គឺជាសសរទ្រូងសេដ្ឋកិច្ចធំរបស់ចិន ដែលធ្លាប់ជួបវិបត្តិធ្ងន់ធ្ងរកាលពីឆ្នាំទៅ។
គួររំលឹកដែរថា រដ្ឋាភិបាលបានដាក់ចេញវិធានការចាប់តាំងពីឆមាសទីពីរនៃឆ្នាំ ២០២២ ដើម្បីធ្វើឲ្យមានស្ថិរភាពទីផ្សារអចលនទ្រព្យឡើងវិញ ដោយការដកចេញនូវវិធានការទប់ស្កាត់ COVID-19 ដ៏តឹងតែងនៅក្នុងខែធ្នូ។
ទន្ទឹមនឹងនោះ អ្នកវិភាគបាននិយាយថា វិធានការសក្តានុពល អាចរួមបញ្ចូលការបង់ប្រាក់ចុះទាប និងតម្រូវការទិញផ្ទះ ក៏ដូចជាវិធានការកែលម្អ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលរបស់អ្នកអភិវឌ្ឍន៍៕