ឥណ្ឌូនេស៊ី បន្តនាំចេញយន្តហោះមួយគ្រឿងផ្សេងទៀត ទៅកាន់ប្រទេសថៃ

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី ឈ្មោះថា Indonesian Aerospace និងត្រូវបានគេស្គាល់ទូទៅថា PT Dirgantara Indonesia (PTDI) បានបញ្ជូនយន្តហោះប្រភេទ NC212i មួយគ្រឿង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hatyai របស់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា យន្តហោះដែលមានលេខកន្ទុយ AX-2131 គឺជាការនាំចេញទៅក្រៅប្រទេសដំបូងសម្រាប់ក្រុមហ៊ុន PT Dirgantara Indonesia នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីប្រទេសថៃ បានធ្វើការបញ្ជាទិញមួយគ្រឿងរួចទៅហើយ កាលពីឆ្នាំ ២០២២ ។

គួរឱ្យដឹងថា យន្តហោះដែលមានសមត្ថភាពផ្ទុកនាវិកបាន ៨ នាក់ មួយនេះ បានហោះចេញពីអាកាសយនដ្ឋាន Husein Satranegara ក្នុងទីក្រុង Bandung ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Pekanbaru ក្នុងខេត្ត Riau របស់ឥណ្ឌូនេស៊ី និងបន្តទៅកាន់ អាកាសយានដ្ឋាន Hatyai របស់ប្រទេសថៃ។ បើតាមប្រភពដដែល បានឱ្យដឹងទៀតថា យន្តហោះនេះ នឹងត្រូវប្រគល់ទៅឱ្យនាយកដ្ឋានផលិតកម្មទឹកភ្លៀង និងអាកាសចរណ៍កសិកម្មថៃ (DRRAA) សម្រាប់បម្រើ ក្នុងគោលបំណងកែប្រែអាកាសធាតុ ។

ជម្រាបជូនទៀតផងដែរថា ក្រុមហ៊ុន PT Dirgantara Indonesia បានផលិតយន្តហោះជា​ច្រើនប្រភេទរួចមកហើយ ដូចជា CN235 សម្រាប់បម្រើក្នុងការដឹកជញ្ជូនស៊ីវិល ឬយោធា ក៏ដូចជាយន្តហោះឃ្លាំមើលដែនសមុទ្រ និងយន្តហោះឆ្មាំតាមឆ្នេរសមុទ្រ ផងដែរ ។

គួរបញ្ជាក់ថា រហូតមមកដល់ពេលនេះ PTDI ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់ឥណ្ឌូនេស៊ី បានបញ្ជូនយន្តហោះ និងឧទ្ធម្ភាគចក្រចំនួនជិត ៤០០ គ្រឿងរួចមកហើយ ទៅកាន់ទីផ្សារចំនួន ៥០ នៅជុំវិញពិភពលោក ៕