ក្រុមហ៊ុន Thai Airways គ្រោងបញ្ជាទិញយន្តហោះជាច្រើនគ្រឿង ក្រោយវិស័យទេសចរណ៍ងើបឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុនកាសចរណ៍ Thai Airways International PCL បាននិយាយថា ខ្លួននឹងចាប់ផ្តើមបើកការពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះ ដើម្បីបញ្ជាទិញយន្តហោះធុនធំថ្មីៗចំនួន ៣០ គ្រឿងបន្ថែម នៅពេលពួកគេកំពុងសម្លឹងឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក Chai Eamsiri បាននិយាយនៅក្នុងបទសម្ភាសមួយថា ក្រុមហ៊ុនរបស់ខ្លួន នឹងដាក់សំណើជាផ្លូវការមួយ ទៅកាន់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus SE និង Boeing Co នៅសប្តាហ៍នេះ ជុំវិញការបញ្ជាទិញយន្តហោះថ្មី ដែលខ្លួនរំពឹងថានឹងទទួលបាន ចាប់ពីឆ្នាំ ២០២៦។

គួរឱ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងដាក់គម្រោងពង្រីកសេវាកម្មហោះហើររបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការទិញយន្តហោះថ្មី និងការជំនួសយន្តហោះចាស់ៗរបស់ខ្លួន ជាមួយនឹងយន្តហោះថ្មី ដែលមានសមត្ថភាពផ្ទុកប្រេងកាន់តែច្រើន នៅចំពេលតម្រូវការធ្វើដំណើរកំពុងកើនឡើងខ្លាំង ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសថៃមួយនេះ មានយន្តហោះសរុបចំនួន ៦៥ គ្រឿង បើធៀបនឹងចំនួន ១០៣ គ្រឿង នៅមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ លោក Chai បាននិយាយទៀតថា ការបញ្ជាទិញយន្តហោះថ្មី រួមជាមួយនឹងយន្តហោះដែលខ្លួនមានស្រាប់ អាចនឹងធ្វើឱ្យក្រុមហ៊ុនរបស់ខ្លួន កើនឡើងចំនួនហោះយន្តលើសពី ១១៣ គ្រឿង នៅឆ្នាំ ២០២៧ ខាងមុខ ៕