រដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken មានគម្រោងនឹងបំពេញទស្សនកិច្ចទៅចិន ដើម្បីចូលប្រជុំ ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រសួងការបរទេសអាមេរិកមិនបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចមួយនោះឡើយ ដោយបាននិយាយថា៖ “ពួកយើងមិនមានអ្វីសម្រាប់ប្រកាសឡើយ ដូចដែលកន្លងមកយើងធ្លាប់និយាយថា ដំណើរទស្សនកិច្ចទៅចិន នឹងត្រូវកំណត់ពេលឡើងវិញ នៅពេលដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុញ្ញាត”។
គួររំលឹកដែរថា លោក Blinken បានសម្រេចចិត្តបោះបង់ដំណើរទស្សនកិច្ចទៅចិនកាលពីខែកុម្ភៈ បន្ទាប់ពីអាមេរិកអះអាងថា បានប្រទះឃើញបាឡុងចារកម្មរបស់ចិន ចូលមកដែនអាកាសអាមេរិក។
យ៉ាងណា កាលពីខែឧសភា ឥស្សរជនជាន់ខ្ពស់អាមេរិករូបនេះក៏បាននិយាយដែរថា លោករំពឹងនឹងអាចកំណត់ពេលវេលា នៃដំណើរទស្សនកិច្ចទៅចិនវិញនៅក្នុងឆ្នាំនេះ ស្របពេលទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំង ២ ក៏កំពុងល្អក់កករផង៕