មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសប្រទេសអាល់ហ្សេរី ហ្គីយ៉ាណា សៀរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង ជាក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃទី ០៦ មិថុនា សម្រាប់អាណត្តិរយៈពេលពីរឆ្នាំចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ខណៈដែលបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បានបរាជ័យសម្រាប់តំណែងមួយនេះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រទេសអាល់ហ្សេរី ហ្គីយ៉ាណា សៀរ៉ាឡេអូន និងកូរ៉េខាងត្បូង មិនជំទាស់ជាមួយនឹងការតែងតាំង សម្រាប់មុខតំណែងគ្រប់គ្រងលើការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិឡើយ ខណៈស្លូវ៉ានី បានយកឈ្នះលើបេឡារុស្ស សម្រាប់តំណែងមួយនេះ។
ដោយឡែក ប្រទេសទាំង ៥ នោះនឹងចូលកាន់តំណែងជំនួសឲ្យប្រទេសដែលផុតអាណត្តិដូចជា ប្រទេសអាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងអារ៉ាប់រួម។
ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលអាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង។ វាមានសមាជិកវេតូអចិន្ត្រៃយ៍ចំនួន ៥ គឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក៕