សេដ្ឋីចិនវ័យក្បែរ ៦០ ឆ្នាំ ដាក់ពាក្យចូលប្រឡងលើកទី ២៧ ដើម្បីបំពេញក្តីស្រមៃធំ

អន្តរជាតិ

ក្នុងចំណោមសិស្សវិទ្យាល័យរាប់លាននាក់ ដែលបានចូលរួមក្នុងការប្រឡងដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន ដើម្បីត្រៀមចូលមហាវិទ្យាល័យ នៅថ្ងៃពុធនេះ គេសង្កេតឃើញថា សេដ្ឋីម្នាក់ ដែលមានវ័យជិត ៦០ ឆ្នាំ ក៏បានចូលរួមនៅក្នុងការប្រឡងនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Liang Shi ដែលបច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំ និងជាសេដ្ឋីម្នាក់ ដែលមានភាពជោគជ័យខ្លាំង នៅក្នុងវិស័យគ្រឿងសំណង់ នៅតែមានចិត្ត​មានះ​ បន្តដាក់ពាក្យចូលរួមក្នុងការប្រឡងដ៏តឹងរ៉ឹងបំផុត ដើម្បីបំពេញក្តីស្រមៃ ចូលរៀននៅក្នុងមហាវិទ្យាល័យកំពូលរបស់ប្រទេសចិន បើទោះបីជាធ្លាប់បរាជ័យជាច្រើនដងរួចមកហើយក៏ដោយ ។

យ៉ាងណាមិញ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាមួយសិស្សវិទ្យាល័យរាប់លាននាក់ផ្សេងទៀត ដែលកំពុងប្រឡងនៅឆ្នាំនេះ លោក Liang បាននិយាយថា គាត់រស់នៅប្រៀបបានទៅនឹងជីវិតរបស់ព្រះសង្ឈអ៊ីចឹង អស់រយ:ពេលប៉ុនា្មនខែកន្លងមកនេះ ដោយត្រូវក្រោកពីព្រលឹម ដើម្បីរៀនរយ:ពេល ១២ ម៉ោង ក្នុងមួយថ្ងៃ ។

មិនតែប៉ុណ្ណោះ លោក Liang បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP សម្រាប់ការប្រឡងលើកទី ២៧ របស់ខ្លួនថា ៖ ” ខ្ញុំមិនដែលមានអារម្មណ៍ស្រណុកចិត្តនោះឡើយ ដែលខ្ញុំមិនអាចប្រឡងជាប់ ហើយចូលទៅរៀននៅក្នុងមហាវិទ្យាល័យ។ ខ្ញុំពិតជាចង់ទៅរៀនទៅសកលវិទ្យាល័យខ្លាំងណាស់ ដើម្បីក្លាយជាបញ្ញាវន្តមួយរូប ” ។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេល ៤ ទសវត្សរ៍កន្លងមកនេះ លោក Liang បានបរាជ័យពីការប្រឡង ២៦ លើករួចមកហើយ បន្ទាប់ពីលោកបានចូលប្រឡងលើកដំបូងបំផុត កាលពីឆ្នាំ ១៩៨៣ នៅពេលដែលលោកមានវ័យត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ ៕