រដ្ឋាភិបាលរុស៊្សី អញ្ជើញក្រុមហ៊ុនរបស់ឥណ្ឌា និងចិន មកវិនិយោគក្នុងគម្រោងថាមពលខ្លួន

អន្តរជាតិ

ថ្មីៗនេះ អភិបាលកោះ Sakhalin របស់ប្រទេសរុស្ស៊ី បានធ្វើការអញ្ជើញក្រុមហ៊ុនមកពីប្រទេសឥណ្ឌា និងចិន ដើម្បីមកវិនិយោគនៅក្នុងគម្រោងថាមពលរបស់ខ្លួន ក្នុងតំបន់នេះ បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនខ្នាតយក្សអឺរ៉ុប និងអាមេរិក ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ រុស្ស៊ី បាននិងកំពុងបង្កើតទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសនៅក្នុងតំបន់អាស៊ី ចាប់តាំងពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន ដែលជាហេតុធ្វើឱ្យបណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមកលើរុស្ស៊ី ។

យ៉ាងណាមិញ អភិបាលកោះ Sakhalin លោក Valery Limarenko បាននិយាយ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីថា ៖ ” យើងបានធ្វើការអញ្ជើញក្រុមហ៊ុនមកពីប្រទេសចិន និងឥណ្ឌា ឱ្យមកកាន់គម្រោងថាមពលរបស់យើង។ ហើយនេះអាចជាឱកាសដ៏ល្អបំផុត សម្រាប់ពួកគេ នៅក្នុងការចូលទៅបំពេញទីផ្សារថាមពល និងឧស្ម័ន ដែលកំពុង​ទំនេរ​ស្រាប់ ក្រោយពីការចាកចេញរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប ” ។

គួរឱ្យដឹងថា ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell និង ExxonMobil បានសម្រេចដកខ្លួនចេញពីគម្រោងថាមពល នៅក្នុងប្រទេសរុស្ស៊ី កាលពីឆ្នាំមុន ដោយបានលុបចោលកិច្ចព្រមព្រៀងដែលមានតម្លៃទឹកប្រាក់រាប់ពាន់ដុល្លារ ។

ជម្រាបជូនផងដែរថា កោះ Sakhalin នេះ គឺជាទីតាំងដ៏សំខាន់ សម្រាប់រោងចក្រផលិតឧស្ម័នធម្មជាតិ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Gazprom ក្រោមគម្រោង Sakhalin-2 និងគម្រោងប្រេង Sakhalin-1 ដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតប្រេងធំបំផុតរបស់រុស្ស៊ី Rosneft ៕