ប្រទេសស្រីលង្កា និងប្រទេសថៃ អាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីប្រទេសដីកោះមួយនេះកំពុងស្ដារសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រទេសទាំង ២ បានបន្តការចរចាឡើងវិញកាលពីខែមករា ពោលអស់រយៈពេលជាច្រើនខែ បន្ទាប់ពីស្រីលង្កាជួបវិបត្តិហិរញ្ញវត្ថុអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧ទសវត្សចុងក្រោយ។
“ភាគីទាំងសងខាង មានការសាទរ និងឆន្ទៈនយោបាយខ្ពស់ចំពោះកិច្ចចរចាមួយនេះ ហើយវានឹងមានការជជែកគ្នាជាច្រើន ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀងនេះនៅខែមីនា ឆ្នាំ ២០២៤”។ នេះបើតាមសម្ដីរបស់ប្រធានអ្នកចរចារបស់ស្រីលង្កា K.J. Virsinghe បានប្រាប់ទៅកាន់សារព័ត៌មាន។
សូមជម្រាបដែរថា គណៈប្រតិភូថៃត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងកូឡុំបូពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា សម្រាប់ជុំបន្ទាប់នៃកិច្ចចរចាដែលគ្របដណ្តប់លើទំនិញ កិច្ចសហប្រតិបត្តិការគយ ការវិនិយោគ ការដោះស្រាយវិវាទ និងសេវាកម្មផ្សេងៗ។
គួររំលឹកបន្ថែមទៀតថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានឈានដល់ ៤៦០លានដុល្លារ ខណៈស្រីលង្កាភាគច្រើននាំចេញតែ និងត្បូង ស្របពេលទំនិញនាំចូលពីថៃវិញមានដូចជា ឧបករណ៍អេឡិចត្រូនិក អាហារ កៅស៊ូ ប្លាស្ទិក និងឱសថ៕