ប្រទេសបង់ក្លាដែស កំពុងជួបនឹងវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុតតាំងពីឆ្នាំ ២០១៣ ដោយសារបញ្ហាអាកាសធាតុខុសប្រក្រតី និងការលំបាកក្នុងការទូទាត់សម្រាប់ការនាំចូលឥន្ធនៈ ចំពេលមានការថយចុះនៃទុនបម្រុង Forex និងតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ជាមួយនឹងការព្យាករណ៍សម្រាប់រលកកំដៅកាន់តែខ្លាំង និងរដូវកាលប្រើប្រាស់ថាមពលខ្ពស់បំផុតនៃខែកក្កដា ដល់ខែតុលា កាន់តែខិតជិតមកដល់ផង រដ្ឋមន្ត្រីថាមពលរបស់ប្រទេសមួយនេះបានព្រមានថា ការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន ១៧០លាននាក់អាចបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមរំលឹកដែរថា ករណីផ្ដាច់ចរន្តអគ្គិសនីនៅប្រទេសបង់ក្លាដែស កើតមានឡើងរហូតដល់ ១១៤ថ្ងៃហើយ សម្រាប់រយៈពេល ៥ខែតំបូងនៃឆ្នាំនេះ ខណៈកាលពីឆ្នាំទៅ មានតែ ១១៣ថ្ងៃប៉ុណ្ណោះ។
ដោយឡែក ការដាច់អគ្គិសនីនោះទៀតសោត ភាគច្រើនដាច់តែពេលល្ងាច និងព្រឹកព្រលឹមប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាជន និងអាជីវករតូចៗត្អូញត្អែរពីការដាច់ចរន្តអគ្គិសនី ដែលមិនបានប្រកាសមុន ខណៈដាច់ម្ដងៗមានរយៈពេល ១០-១២ ម៉ោង៕