កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងមួយឈ្មោះថា “Atlantic Declaration” សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំហំសេដ្ឋកិច្ចទ្វេភាគីលើវិស័យមួយចំនួនដូចជា ថាមពលស្អាត សារធាតុរ៉ែសំខាន់ៗ និង AI ជាដើម។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កិច្ចសហប្រតិបត្តិការណ៍មួយនេះ គឺបានពិពណ៌នាភាពជាដៃគូ “ប្រភេទទីមួយ” ក្នុងការគ្របដណ្តប់វិសាលគមទូលំទូលាយនៃទំនាក់ទំនងសេដ្ឋកិច្ច បច្ចេកវិទ្យា និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
នៅក្រោមផែនការនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ អភិវឌ្ឍបច្ចេកវិទ្យានៃអនាគត និងវិនិយោគក្នុងឧស្សាហកម្មរបស់គ្នាទៅវិញទៅមក។
សូមជម្រាបដែរថា សេចក្តីប្រកាសមួយនេះក៏បានរួមបញ្ចូល នូវការប្តេជ្ញាចិត្តជាគោលការណ៍ ចំពោះចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ “ស្ពានទិន្នន័យ” ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេស ក្នុងការផ្ទេរទិន្នន័យដោយសេរី ទៅកាន់អង្គការរបស់សហរដ្ឋអាមេរិកដោយគ្មានខ្សែអាត់ក្រហម៕