កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery លោក David Zaslav បានសម្រេចចិត្តបណ្ដេញលោក Chris Licht ចេញពីតំណែងជា CEO នៃក្រុមហ៊ុនសារព័ត៌មាន CNN។
ជុំវិញការបណ្ដេញបុគ្គលិកម្នាក់នេះ មេធំ Zaslav មានហេតុផលជាច្រើនដូចជា ការដឹកនាំរបស់លោក Licht មានបញ្ហាជាច្រើន ស្របពេលការសម្រេចចិត្តធ្វើរឿងមួយចំនួនក៏ខុសពីច្បាប់របស់ក្រុមហ៊ុនផងដែរ។
យោងតាមការចុះផ្សាយពី CNBC បានបង្ហាញថា ក្រោមការដឹកនាំរបស់លោក Licht បុគ្គលិក CNN ជាច្រើនរូប មានការអាក់អន់ស្រពន់ចិត្ត ជាពិសេសអតីតមេធំ CNN ម្នាក់នេះ មានចិត្តមានះចង់រក្សាកម្មវិធី CNN+ ដែលមិនទទួលបានការគាំទ្រពីមហាជន បើទោះជាលោក Zaslav ចង់លុបកម្មវិធីនេះចោលក៏ដោយ។
បន្ថែមពីនោះ ក្រុមហ៊ុន CNN ក៏របូតប្រាក់ចំណូលប្រហែល ៧៥០លានដុល្លារ កាលពីឆ្នាំទៅ ស្របពេលប្រាក់បានមកពីការផ្សព្វផ្សាយនានា ក៏បាត់បង់អស់ប្រមាណ ៤០% អំឡុងពេលលោក Licht ដឹកនាំក្រុមហ៊ុនផងដែរ។
ដូច្នេះ CEO របស់ក្រុមហ៊ុន Warner Bros. Discovery ចាំបាច់ត្រូវរកបុគ្គលដែលមានសមត្ថភាព មកកាន់តំណែងជា CEO នៃក្រុមហ៊ុន CNN ឡើងវិញ ដើម្បីអាចស្ដារស្ថានការណ៍ក្រុមហ៊ុន ខណៈបុគ្គលម្នាក់នោះត្រូវតែឈ្នះចិត្តបុគ្គលិកក្រោមឱវាទ ជាមួយនឹងយុទ្ធសាស្ត្រអន្ទងចិត្តទស្សនិកជនក្រៅពីក្មេងៗ ក៏ត្រូវតែបំពេញចិត្តអ្នកតាមដានព័ត៌មានដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅថែមទៀត៕