CEO ក្រុមហ៊ុន General Motors អ្នកស្រី Mary Barra បានទម្លាយថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla ជុំវិញស្ថានីយសាករថយន្តអគ្គិសនី និងជួយឲ្យក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សមួយនេះ ចំណេញថវិកាបានរហូតដល់ ៤០០លានដុល្លារ។

យោងតាមការចុះផ្សាយពី CNBC បានបង្ហាញថា កាលពីខែតុលា ឆ្នាំ ២០២១ ក្រុមហ៊ុន GM ធ្លាប់និយាយថា ពួកគេមានគម្រោងចាយលុយប្រមាណ ៧៥០លានដុល្លារ ទៅលើការសាងសង់ស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក និងកាណាដា។
“ពួកយើងគិតថា អាចនឹងជួយសន្សំប្រាក់បាន ៤០០លានដុល្លារ ពីផែនការចំណាយដើម ដែលមានទំហំដល់ជិត ១ពាន់លានដុល្លារ ហើយវា (កិច្ចព្រមព្រៀង) ក៏នឹងជួយពន្លឿនការងារ និងកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ”។ នេះបើតាមសម្ដីរបស់អ្នកស្រី Mary បាននិយាយ។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងរវាង GM និង Tesla គឺអនុញ្ញាតឲ្យម្ចាស់រថយន្តអគ្គិសនី GM អាចធ្វើការបញ្ចូលអាគុយរថយន្តរបស់ពួកគេ នៅស្ថានីយសាករថយន្តល្បឿនលឿនរបស់ក្រុមហ៊ុន Tesla ប្រមាណ ១២ ០០០កន្លែង ចាប់ពីឆ្នាំក្រោយទៅ។
រំលឹកបន្ថែមទៀតថា កិច្ចព្រមព្រៀងមួយនេះធ្វើឡើង បន្ទាប់ពី Ford ប្រកាសចុះកុងត្រាជាមួយក្រុមហ៊ុន Tesla ក្នុងលក្ខខណ្ឌស្រដៀងគ្នានេះ ស្របពេលអ្នកជំនាញហៅវាថា ជាកិច្ចព្រមព្រៀង “ឈ្នះ-ឈ្នះ” ថែមទៀត៕