ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី នឹងយាងបំពេញទស្សនកិច្ចលើកដំបូងនៅឥណ្ឌូនេស៊ី

អន្តរជាតិ

យោងតាមរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រទី ៩ ខែមិថុនានេះថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako នឹងយាងទៅបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែនេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់តាំងពីបានឡើងគ្រងរាជ្យ ក្នុងឆ្នាំ ២០១៩ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឱ្យដឹងទៀតថា ដំណើរទស្សនកិច្ច ដែលរំពឹងថានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ខាងមុខនេះ គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអញ្ជើញព្រះអង្គទាំងពីរ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ដំណើរទេស្សនកិច្ចនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃមិត្តភាព និងភាពសុច្ឆន្ទ: ជាមួយប្រទេសឥណ្ឌូនេស៊ី ” ។

គួរឱ្យដឹងផងដែរថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសីរបស់ទ្រង់ បានចាប់ផ្តើមបំពេញ​កាតព្វកិច្ចសាធារណ:ជាបន្តបន្ទាប់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយ ដោយកាលពីឆ្នាំមុន ព្រះអង្គទាំងពីរ ក៏បានយាងចេញទៅក្រៅប្រទេសជាលើកដំបូងផងដែរ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នៅទីក្រុងឡុងដ៏​៕