ក្រុមហ៊ុន Tokyo Gas គ្រោងចាយលុយ ១,៤ពាន់លានដុល្លារ ដើម្បីងាកមកផ្តោតលើថាមពលស្អាត

អន្តរជាតិ

ថ្មីៗនេះ ប្រធានក្រុមហ៊ុន Tokyo Gas របស់ជប៉ុន បាននិយាយថា ខ្លួនកំពុងបង្វែការផ្តោតអារម្មណ៍ចំពោះការវិនិយោគនៅក្រៅប្រទេស សម្រាប់ការផលិតថាមពលកកើតឡើងវិញ និងចង់ងាកចេញឆ្ងាយពីគម្រោងឧស្ម័ននៅក្នុងតំបន់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផ្គត់ផ្គត់ហ្គាសដ៏ធំបំផុតរបស់ប្រទេសជប៉ុនមួយនេះ​ បានបង្ហាញឱ្យដឹងទៀតថា ខ្លួនគ្រោងនឹងធ្វើការចំណាយទឹកប្រាក់ ២០០ពាន់លានយ៉េន (១,៤ពាន់លានដុល្លារ) ក្នុងរយ:ពេល ៣ ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស ឱ្យដល់ចំនួន ៦ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ដោយផ្តោតសំខាន់ទៅលើថាមពលខ្យល់ ។

មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន លោក Shinichi Sasayama បាននិយាយថា ៖ ” យើងកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅក្រៅប្រទេស ចំពោះការផ្លាស់ប្តូរពីគម្រោងឧស្ម័ន ទៅជាគម្រោងផលិតថាមពលកកើតឡើងវិញ និងផ្តោតទៅលើហេដ្ឋាសម្ព័ន្ធរបស់អាស៊ី ដោយសារតែធនធានរបស់យើង នៅមានកម្រិត ” ។

ទន្ទឹមនឹងនេះ លោក Shinichi បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនរបស់លោក នឹងផ្តោតខ្លាំងទៅលើថាមពលខ្យល់នៅឯនាយសមុទ្រ ជាពិសេសកសិដ្ឋានថាមពលខ្យល់បណ្តែតទឹក ព្រោះថាវាជាប្រភពថាមពល ដែលមានសក្តានុពលខ្លាំង ។

ជម្រាបជូនផងដែរថា ជុំវិញផែនការវិនិយោគថ្មីរបស់ក្រុម Tokyo Gas នេះ ត្រូវបានកើតឡើង ចំពេលកំពុងមានភាពមិនប្រាកដប្រជា ទៅលើវិស័យថាមពលរបស់ប្រទេសជប៉ុន ជាពិសេសភាពសង្ស័យទៅលើវិស័យនុយក្លេអ៊ែរបស់ប្រទេសនេះ បន្ទាប់ពីធ្លាប់ជួបគ្រោះមហន្តរាយ Fukushima កាលពីឆ្នាំ ២០១១ មក ៕