លោក Kumar Mangalam Birla មានគម្រោងចង់ប្រឡូកចូលក្នុងអាជីវកម្មគ្រឿងអលង្ការ ដោយបោះទុនប្រមាណ ៥០ពាន់លានរូពី ឬប្រហែល ៦០៥លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Forbes។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Aditya Birla Group ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ហាងថ្មីរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Novel Jewels នឹងបើកដំណើរការទូទាំងប្រទេសឥណ្ឌា ប៉ុន្តែមិនបញ្ជាក់ពីកាលបរិច្ឆេទសម្ពោធហាងឡើយ។
គួររំលឹកដែរថា ក្រុមហ៊ុននេះបានធ្វើពិពិធកម្មលំហូរប្រាក់ចំណូល របស់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយថ្មីៗនេះបានបណ្តាក់ទុន ១០០ពាន់លានរូពី ដើម្បីបណ្តាក់ទុនចូលទៅក្នុងឧស្សាហកម្មថ្នាំលាប និង ២៥០លានដុល្លារ ក្នុងការបើកដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់សម្ភារៈសំណង់។
បន្ថែមពីនោះ ពួកគេក៏បានសង្កត់ធ្ងន់ថា សហគ្រាសថ្មីនេះ នឹងផលិតគ្រឿងអលង្ការជាមួយនឹងការរចនាចម្រុះ ដែលបំពេញតាមរសនិយមផ្សេងៗគ្នា នៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា។
សូមជម្រាបដែរថា ទីផ្សារត្បូង និងគ្រឿងអលង្ការឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងឈានដល់ជិត ១២០ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដែលជំរុញដោយការកើនឡើងនៃប្រាក់ចំណូល និងតម្រូវការខ្ពស់ សម្រាប់អំណោយប្រណីតៗសម្រាប់ពិធីបុណ្យ និងការប្រារព្ធពិធីផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ និងទីផ្សារដែលមានមូលដ្ឋាននៅទីក្រុង Dublin៕