យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវ បានចុះផ្សាយថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញសរុបជាង ៤ លានតោនរួចមកហើយ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២១ មក។
ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍ឱ្យដឹងទៀតថា ចាប់តាំងពីផ្លូវដែកនេះ បានបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ ២០២១ មក រថភ្លើងដឹកទំនិញ បាននាំចេញ និងចូលទំនិញសរុបចំនួន ៤ ០៩៧ ៣០០ តោន ដោយក្នុងនោះមានប្រមាណ ៣ ៤៥០ ០០០ តោន ត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ចិន និង ៦៥០ ៩០០ តោន ដែលចិន ដឹកចូលមកកាន់ឡាវ។
គួរឱ្យដឹងថា ចំពោះទំនិញដែលដឹកជញ្ជូន ពីប្រទេសឡាវ ទៅកាន់ចិនភាគច្រើនជា កៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង និងស្រូវសាលី។ ទន្ទឹមនឹងនេះ សម្រាប់ទំនិញដែលត្រូវបានដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ប្រទេសឡាវវិញ មានដូចជា គ្រឿងអគ្គិសនី គ្រឿងបន្លាស់ និងទំនិញប្រើប្រាស់ក្នុងផ្ទះ ។
យ៉ាងណាមិញ សម្រាប់រយ:ពេល ៥ ខែដំបូង ឆ្នាំ ២០២៣ នេះ ទំនិញចំនួន ១ ៥៨០ ៦៨០ តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិន ហើយទំនិញចំនួន ១៦០ ៩១០ តោន ត្រូវបានដឹកជញ្ជូនពីចិន មកកាន់ប្រទេសឡាវ ។
ជម្រាបជូនផងដែរថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់របស់ចិន ហើយត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការ នៅខែធ្នូ ឆ្នាំ ២០២១ ដោយមានប្រវែង ១ ០៣៥ គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងភាគនិរតីប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍របស់ឡាវ៕