ប្រធានាធិបតី ចូ បៃដិន បានកំពុងព្យាបាលធ្មេញ ដោយបានចេញសេចក្ដីប្រកាសជាសាធារណៈមួយ ខណៈកិច្ចប្រជុំដែលត្រូវធ្វើឡើងនាថ្ងៃនេះទាំងអស់ នឹងត្រូវពន្យារពេលទៅថ្ងៃស្អែកវិញ រាប់បញ្ចូលទាំងកិច្ចប្រជុំជាមួយអគ្គលេខាធិការណាតូផងដែរ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សេតវិមានបាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏ដូចជាការទទួលស្វាគមន៍ការទូតនៅពេលល្ងាច “នឹងត្រូវលើកពេលទៅថ្ងៃស្អែកវិញ”។
លោក បៃដិន បានឆ្លងកាត់ការព្យាបាលឬសធ្មេញថ្គាមខាងស្ដាំ ខណៈលេខាធិការសារព័ត៌មាន Karine Jean-Pierre បាននិយាយថា ការព្យាបាលទទួលបានជោគជ័យ ហើយប្រធានាធិបតីក៏មានអាការៈធូរស្បើយ និងអាចធ្វើការបានធម្មតាវិញនាពេលរសៀលនេះ។
គួររំលឹកដែរថា វេជ្ជបណ្ឌិត Kevin C O’Connor បាននិយាយថា លោក បៃដិន មានអាការៈឈឺធ្មេញ តាំងពីថ្ងៃអាទិត្យម៉្លេះ ប៉ុន្តែវាទើបនឹងឈឺខ្លាំងនាព្រឹកថ្ងៃច័ន្ទ និងតម្រូវឲ្យមានការព្យាបាលភ្លាមៗ៕