លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃទី ១២ មិថុនាថា លោកមានការព្រួយបារម្ភខ្លាចក្រែង រុស្ស៊ីនឹងចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលនឹងផុតសុពលភាពនាថ្ងៃទី ១៧ កក្កដា។
គួររំលឹកដែរថា ទីក្រុងមូស្គូបាននឹងកំពុងគម្រាមដើរចេញពីកិច្ចព្រមព្រៀង ដែលគេស្គាល់ថាជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដាឆ្នាំមុន ប្រសិនបើឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនមិនត្រូវបានដកចេញ។
ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ី ឲ្យយល់ព្រមចុះកិច្ចព្រមព្រៀងសមុទ្រខ្មៅ ជាមួយនឹងអនុស្សរណៈយោគយល់ រយៈពេល ៣ឆ្នាំ មន្ត្រីអង្គការសហប្រជាជាតិ បានយល់ព្រមជួយរុស្ស៊ីជាមួយនឹងការនាំចេញអាហារ និងជីផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយពី CNA។
សូមជម្រាបដែរថា កន្លងមកអ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា អង្គការសហប្រជាជាតិបានជួយជំរុញការនាំចេញស្បៀងអាហារ និងជីរបស់រុស្សី ដោយជួយសម្រួលដល់លំហូរនៃកប៉ាល់ទៅកាន់កំពង់ផែរបស់ខ្លួន និងកាត់បន្ថយអត្រាដឹកទំនិញ និងការធានារ៉ាប់រង៕