រដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី ឬអាជ្ញាធរ IKN ថ្មីៗនេះ បានធ្វើការអះអាងថា ក្រុមអ្នកវនិយោគិនបរទេសកាន់តែច្រើន កំពុងត្រូវបានទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុន នៅក្នុងគម្រោងអភិវឌ្ឍរដ្ឋធានីថ្មីរបស់ខ្លួន ជាបន្តបន្ទាប់។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ក្រុមហ៊ុនវិនិយោគធំៗចំនួន ២ របស់ប្រទេសសិង្ហបុរី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមិនបានបង្ហាញព័ត៌មានលម្អិតមួយ (NDA) ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ការមកបោះទុនវិនិយោគ នៅរដ្ឋធានីថ្មីមួយនេះ ។
គួរឱ្យដឹងថា វិនិយោគិនសិង្ហបុរី ដែលទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង NDA នេះ រួមមានសាជីវកម្មវិនិយោគថាមពលរបស់រដ្ឋ (SPIC) និងក្រុមហ៊ុនថាមពល JOE Green Pte Ltd ដោយពួកគេ នឹងត្រូវមកចូលរួម ក្នុងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ ។
យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរនេះ គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែលបានបង្ហាញការគាទ្រយ៉ាងខ្លាំង ចំពោះគម្រោងអភិវឌ្ឍរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ី តាំងពីដើមមក បន្ទាប់ពីបានមើលឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការបង្កើតថាមពលកកើតឡើងវិញ រហូតដល់ ៧,១៦ ជីហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនចំនួន ១,៩ ពាន់លាននាក់ នៅក្នុងឆ្នាម ២០៤៥ ខាងមុខ ។
ជម្រាបជូនផងដែរថា រដ្ឋធានីថ្មីនេះ មានចម្ងាយប្រហែល ២ ០០០ គីឡូម៉េត្រពីភាគឦសានទីក្រុងហ្សាកាតា។ ហើយបើទោះបីជារដ្ឋធានី នឹងត្រូវបានផ្លាស់ប្តូរទៅ Nusantara វិញក៏ដោយ ប៉ុន្តែទីក្រុងហ្សាកាតា នឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ដដែល ៕