ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងវិនិយោគប្រទេសរបស់ខ្លួន បានឈានដល់ការចុះហត្ថលេលើកិច្ចព្រមព្រៀង ដែលមានតម្លៃ ៥,៦ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Human Horizons របស់ចិន ដើម្បីសហការគ្នាលើការអភិវឌ្ឍ ផលិត និងលក់រថយន្ត។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ មានចំនួនច្រើនជាងពាក់កណ្តាល នៃការវិនិយោគសរុបចំនួន ១០ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃដំបូងនៃសន្និសីទធុរកិច្ចអារ៉ាប់-ចិន នៅឯទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ដែលជាការផ្តោតលើវិស័យធំៗជាច្រើន ដូចជាបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ កសិកម្ម អចលនទ្រព្យ លោហ: ទេសចរណ៍ និងសេវាថែទាំងសុខភាព។
យ៉ាងណាមិញ ក្រៅតែពីការផ្តោតទៅលើប្រេង អារ៉ាប៊ីសាអូឌីត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់កំពុងធ្វើចម្រុះកម្មទៅលើការវិនិយោគរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការងាកមកផ្តោតទៅលើការអភិវឌ្ឍឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV) ក្នុងស្រុក ដោយចាប់ដៃជាមួយក្រុមហ៊ុន Human Horizons ដែលផលិតរថយន្តក្រោមម៉ាក HiPhi នៅក្នុងប្រទេសចិន ។
គួរឱ្យផងដែរថា បើតាមសេចក្តីថ្លែងការណ៍របស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេស របស់ចិន មកកាន់ទីផ្សាររបស់អារ៉ាប់ មានចំនួនប្រមាណ ២៣ពាន់លានដុល្លារ គិតក្នុងឆ្នាំ ២០២១ ដែលក្នុងនោះមាន ៣,៥ពាន់លានដុល្លារ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕