យោងតាមមន្រី្តស្ថាប័ននាំចេញមួយរូបរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ប្រទេសឥណ្ឌា បានជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា ពន្លឿនដំណើរការទូទាត់ពាណិជ្ជកម្ម តាមរយ:រូបិយប័ណ្ណជារួមមួយ ដែលជាយន្តការត្រូវបានព្រមព្រៀងគ្នាកាលពីមុនមក។
គណ:ប្រតិភូអ្នកនាំចេញរបស់ឥណ្ឌា (EEPC) បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក U.Aung Naign Oo អំឡុងពេលកំពុងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា ហើយបានលើកឡើងពីបញ្ហានេះ ។
មិនតែប៉ុណ្ណោះ លោក P.K. Shah អតីតប្រធានក្រុមប្រឹក្សា EEPC បានប្រាប់ទៅកាន់សារព័ត៌មាន Reuters បន្ទាប់ពីកិច្ចប្រជុំនោះថា ៖ ” ការសម្រេចចិត្តមួយ អាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើឱ្យយន្តការ ដែលបានព្រមព្រៀងគ្នាកាលពីមុន អាចដំណើរការទៅបាន ” ។
គួរឱ្យដឹងថា មីយ៉ាន់ម៉ា ដែលកំពុងប្រឈមមុខជាមួយនឹងការខ្វះខាតទុនបម្រុងរូបិយប័ណ្ណបរទេស បានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងចាប់ផ្តើមទទួលយកប្រាក់រូពីរបស់ឥណ្ឌា ក្នុងពេលឆាប់ៗ រួមជាមួយនឹងប្រាក់បាតរបស់ថៃ និងប្រាក់យ៉ន់របស់ចិន ផងដែរ ដើម្បីធ្វើជារូបិយប័ណ្ណទូទាត់ផ្លូវការមួយ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារអាមេរិក។
ក្រុមប្រឹក្សា EEPC បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនឹងជួយដល់ការនាំចេញឱសថ និងមុខទំនិញផ្សេងទៀតពីប្រទេសឥណ្ឌា ក៏ដូចជាការនាំចូលទំនិញសំខាន់ៗ ដូចជា គ្រាប់ធញ្ញជាតិ ឈើ និងផលិតផលផ្សេងទៀត ពីប្រទេសមីយ៉ាន់ម៉ា ផងដែរ ។
លើសពីនេះ លោក Shah បាននិយាយថា ពាណិជ្ជកម្មរវាងឥណ្ឌា និងមីយ៉ាន់ម៉ា រំពឹងថាអាចនឹងមានការកើនឡើងខ្ពស់ ពីកម្រិតបច្ចុប្បន្ន ១,៨ពាន់លានដុល្លារ នៅពេលដែលយន្តការពាណិជ្ជកម្មថ្មី តាមរយ:ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ត្រូវបានដាក់ឱ្យដំណើរការ ។
ជម្រាបជូនផងដែរថា កន្លងមកធនាគារកណ្តាលឥណ្ឌា បានអនុញ្ញាតឱ្យធនាធារជាតិរដ្ឋ Punjab បើកគណនីរូបិយប័ណ្ណរូពីពិសេស (SRVA) សម្រាប់ការទូទាត់ពាណិជ្ជកម្មបរទេសជាមួយ ប្រទេសមីយ៉ាន់ម៉ា ។
ជាងនេះទៅទៀត EEPC បានបន្ថែមឱ្យដឹងទៀតថា នៅក្រោមយន្តការនេះ ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានការទូទាត់សម្រាប់ការនាំចេញទំនិញទាំងអស់របស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ជាប្រាក់រូពី ហើយប្រាក់ចំណូលបានពីការនាំចេញដូចគ្នានោះ ក៏អាចប្រើប្រាស់ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម ដែលនាំចូលពីប្រទេសឥណ្ឌា បានផងដែរ ៕