មេធំ Microsoft នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន នៅថ្ងៃស្អែកនេះ

អន្តរជាតិ

យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ឱ្យដឹងក្នុងពេលថ្មីៗនេះថា សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃសុក្រសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានអះអាងទៀតថា កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបលើកដំបូងសម្រាប់លោក Xi ជាមួយនឹងម្ចាស់ក្រុមហ៊ុនបរទេស ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលមេដឹកនាំកំពូលរបស់ចិនរូបនេះ បានឈប់ធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស អស់រយ:ពេលជិត ៣ ឆ្នាំ ចាប់តាំងពីប្រទេសចិន បានបិទច្រកព្រំដែនរបស់ខ្លួន អំឡុងជំងឺរាតត្បាតកូវីដ-១៩ ។

យ៉ាងណាក៏ដោយ Reuters បាននិយាយទៀតថា វាអាចនឹងក្លាយជាការពិភាក្សាមួយទល់នឹងមួយ រវាងប្រធានាធីបតីចិន និងមហាសេដ្ឋីអាមេរិក ប៉ុន្តែមិនបានបង្ហាញអំពីព័ត៌មានលម្អិតណាមួយ ទាក់ទងទៅនឹងកិច្ចប្រជុំនេះនោះឡើយ ។

គួរឱ្យដឹងផងដែរថា លោក Xi និងលោក Bill Gates ធ្លាប់បានជួបគ្នា កាលពីឆ្នាំ ២០១៥ នៅខាងក្រៅវេទិកា Boao ដែលជាការជួបជុំសម្រាប់មេដឹកនាំនយោបាយ និងអ្នកធុរកិច្ច ដែលត្រូវបានធ្វើឡើង នៅក្នុងខេត្ត Hianan ប្រទេសចិន។ អំឡុងពេលនោះ អ្នកទាំងពីរ បានពិភាក្សាគ្នា អំពីទស្សន:ស្តីពីការលើកកម្ពស់សេវាសុខភាពសាធារណ: និងការកាត់បន្ថយភាពក្រីក្រ ។

ជម្រាបជូនផងដែរថា នៅមុនកិច្ចប្រជុំនាថ្ងៃសុក្រខាងមុខនេះ លោក Bill Gates បានសរសេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា​ លោកបានទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីជួបជាមួយដៃគូការងារ សម្រាប់មូលនិធិ Bill & Melinda Gates របស់ខ្លួន។ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកផងដែរ គិតចាប់តាំងពីឆ្នាំ ២០១៩ មក៕