យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ថា យន្តហោះរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បានជួបប្រទះជាមួយនឹងបញ្ហាបច្ចេកទេសបន្តិចបន្តួច នៅត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការហោះឡើង កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ដោយបង្ខំឱ្យអ្នកបើកយន្តហោះ ត្រូវវិលត្រលប់ទៅចុះចត នៅមូលដ្ឋានទ័ពអាកាស នៅជិតទីក្រុងម៉ានីលវិញ។
គួរឱ្យដឹងថា ប្រធានាធិបតី លោក Marcos មានគម្រោងហោះហើរទៅកាន់ទីក្រុង South Cotabato ដើម្បីចូលរួមនៅក្នុងពិធីដាក់សម្ពោធកម្មវិធីផលិតកម្មស្រូវអង្ករ និងយន្តការចូលរួម នៅក្នុងខេត្តស្ថិតនៅភាគខាងត្បូងប្រទេស ។
យ៉ាងណាមិញ អ្នកនាំពាក្យកងទ័ពអាកាសហ្វីលីពីន (PAF) វរសេនីយ៍ឯក Maria Consuelo Castillo បាននិយាយថា យន្តហោះ G280 ដែលបានហោះហើរនៅព្រឹកនេះ ជាមួយប្រធានាធិបតីនៅលើយន្តហោះ ត្រូវវិលត្រឡប់ទៅមូលដ្ឋានវិញ នៅប៉ុន្មាននាទីបន្ទាប់ពីការហោះឡើង ដោយសារតែបញ្ហាបច្ចេកទេសតិចតួចលើប្រតិបត្តិការរបស់យន្តហោះ” ។
លោកស្រីបានបន្តទៀតថា បញ្ហានេះ គឺមិនមានអ្វីធ្ងន់ធ្ងរនោះឡើយ ដោយសារតែ PAF អាចរក្សាបាននូវស្តង់ដារសុវត្ថិភាពជើងហោះហើរខ្ពស់បំផុត ហើយអ្នកបើកយន្តហោះ បានសម្រេចចិត្តហោះត្រលប់ទៅកាន់មូលដ្ឋានទ័ពអាកាស Villamor នៅក្នុងទីក្រុង Pasay វិញ និងធ្វើការត្រួតពិនិត្យយន្តហោះឱ្យបានហ្មត់ចត់ជាទីបំផុត ។
ជម្រាបជូនផងដែរថា ក្រោយកើតមានបញ្ហានេះ លោកស្រី Castillo បានបន្ថែមឱ្យដឹងទៀតថា កងកម្លាំងអាកាសរបស់ហ្វីលីពីន បានរៀបចំយន្តហោះបម្រុងមួយផ្សេងទៀត ប្រភេទ C295 ដើម្បីបន្តការហោះហើររបស់ប្រធានាធិបតី លោក Marcos វិញភ្លាមៗ ៕