សេដ្ឋកិច្ចស្រីលង្កាធ្លាក់ចុះជាង ១១% ខណៈស្ថានភាពហិរញ្ញវត្ថុនៅតែបន្តយ៉ាប់យ៉ឺន

អន្តរជាតិ

ទំហំសេដ្ឋកិច្ចប្រទេសស្រីលង្កានាត្រីមាសទីមួយ សម្រាប់ឆ្នាំ ២០២៣នេះ បានធ្លាក់ចុះប្រហែល ១១,៥% ខណៈស្ថានការណ៍ហិរញ្ញវត្ថុរបស់ពួកគេ​នៅ​តែធ្លាក់ក្នុងរណ្ដៅកប់ជ្រៅនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការធ្លាក់ចុះនេះត្រូវបានជំរុញដោយអតិផរណាខ្ពស់ និងអត្រាការប្រាក់ខ្ពស់ ការកើនឡើងនៃការចំណាយលើគ្រឿងបន្លាស់ ក៏ដូចជាការរឹតបន្តឹងលើការនាំចូល និងប្រាក់ចំណូលទាបពីការនាំចេញសម្លៀកបំពាក់។

ដោយឡែក នាយកដ្ឋានជំរឿន និងស្ថិតិបាននិយាយថា វិស័យកសិកម្មបានកើនឡើង ០,៨% ធៀបនឹងឆ្នាំមុន ខណៈទិន្នផលពីឧស្សាហកម្មបានធ្លាក់ចុះ ២៣,៤% និងសេវាកម្មបានធ្លាក់ចុះ ៥%។

គួររំលឹកដែរថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះកំណត់ត្រា ៧,៨% កាលពីឆ្នាំមុន បន្ទាប់ពីទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ។

យ៉ាងណា ប្រទេសមួយនេះបានចាប់ផ្តើមឃើញសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា និងលើលំហូរចូលប្រាក់ដុល្លារដែលប្រសើរឡើង និងកាត់បន្ថយអតិផរណាបានខ្លះ៕