ក្រុមហ៊ុនខ្នាតយក្ស Alibaba Group នឹងចុចយកទីផ្សារអឺរ៉ុប ជាគោលដៅធំបំផុតរបស់ខ្លួន សម្រាប់ការពង្រីកអាជីវកម្មក្នុងស្រុក និងវេទិកាអនឡាញក្រៅពីប្រទេសចិន។ នេះបើតាមសម្ដីរបស់ប្រធានក្រុមហ៊ុនពាណិជកម្មអេឡិចត្រូនិក John Michael Evans បានលើកឡើង។

លោក Michael បាននិយាយនៅក្នុងសន្និសីទបច្ចេកវិទ្យានៃទីក្រុងប៉ារីសថា៖ “អ្វីដែលពួកយើងនឹងផ្ដោតកាន់តែខ្លាំងនាថ្ងៃអនាគតគឺ ពង្រីកអាជីវកម្មក្នុងស្រុកដូចជា កម្មវិធី Tmall ដែលធ្លាប់តែមាននៅប្រទេសចិន នឹងក្លាយជា Tmall នៅអឺរ៉ុប ដែលមានន័យថា ពួកយើងអាចផ្ដល់សេវាកម្ម និងទំនិញនៃប្រទេសចិន ទៅកាន់ប្រជាជនចិន ដែលកំពុងរស់នៅតំបន់ទាំងនោះ”។
“ពួកយើងបានចាប់ផ្ដើមធ្វើគម្រោងដ៏ធំបែបនេះនៅអេស្ប៉ាញ ហើយនឹងបន្តធ្វើវានៅទូទាំងអឺរ៉ុបតែម្ដង”។

គួររំលឹកដែរថា ក្រុមហ៊ុន Alibaba បានប្រកាសកាលពីខែមីនាថា នឹងបំបែកខ្លួនជា ៦ អង្គភាព ដើម្បីបង្កើនចំណូលបន្ថែម បន្ទាប់ពីក្រុមហ៊ុនជួបការខាតបង់ជាច្រើន ក្រោយមានការបង្ក្រាបបទប្បញ្ញត្តិរយៈពេលពីរឆ្នាំ លើវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។
ចំពោះការបំបែកអាជីវកម្មនោះទៀតសោត មួយផ្នែកគឺគ្រប់គ្រងលើទីផ្សារក្នុងប្រទេសចិន ខណៈមួយផ្នែកទៀត គឺត្រៀមប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសនានាដូចជា Lazada ដែលកំពុងពេញនិយមនៅទីផ្សារអាស៊ានជាដើម ស្របពេល Taobao និង Tmall នៅតែជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតនៅចិនដដែល៕