រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយទឹកប្រាក់ប្រមាណ ១២០ពាន់លានយ៉េន ឬប្រហែល ៨៥៤លានដុល្លារ ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន Toyota ក្នុងការផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei។
ដោយឡែកនៅសប្តាហ៍នេះ ក្រុមហ៊ុន Toyota បានដាក់ចេញនូវផែនការដ៏ធំទូលាយមួយ សម្រាប់បច្ចេកវិទ្យាថ្មី និងការរចនាឡើងវិញនូវរោងចក្រ ដោយបានបញ្ជូនសញ្ញាច្បាស់លាស់បំផុតរបស់ខ្លួន និងមានចេតនា ក្នុងការចាប់យកចំណែកធំនៃទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ថាមពលថ្ម ដែលពួកគេកំពុងស្ថិតនៅដាច់ឆ្ងាយ ពីគូប្រជែងដូចជា Tesla ដែលកំពុងនាំមុខលើវិស័យមួយនេះ។
គួររំលឹកដែរថា ជំនួយមួយនេះកើតមានឡើង ដោយសារជប៉ុន និងសម្ព័ន្ធមិត្តអាមេរិករួមដៃគ្នា កាត់បន្ថយការនាំចូលទំនិញពីចិន ដែលជាទីផ្សារដ៏ធំមួយ សម្រាប់ការទិញវត្ថុធាតុដើមក្នុងការផលិតអាគុយរថយន្តអគ្គិសនី។
បន្ថែមពីនោះ សារព័ត៌មាន Nikkei ក៏បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្មជប៉ុនបានអះអាងថា ពួកគេបានត្រៀមកញ្ចប់ទឹកប្រាក់ប្រហែល ៣៣០ពាន់លានយ៉េនរួចស្រេច ក្នុងការផ្ដល់ជំនួយលើកទី ២ ទៅកាន់ក្រុមហ៊ុន Toyota ក្នុងគម្រោងការណ៍ផលិតអាគុយរថយន្តអគ្គិសនីមួយនេះ៕