ខ្សែសង្វាក់ផ្គត់ផ្គង់សកលចាំបាច់ត្រូវរៀបចំឡើងវិញ ដោយផ្តោតលើការបង្កើនស្តង់ដារ និងការកសាងភាពធន់សម្រាប់ជាប្រយោជន៍ដល់សន្តិសុខសេដ្ឋកិច្ច។ នេះបើតាមសម្ដីលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកបានលើកឡើងកាលពីថ្ងៃទី ១៥ មិថុនា។
លោកស្រី Tai បាននិយាយនៅក្នុងសុន្ទរកថា នៅឯក្លឹបសារព័ត៌មានជាតិថា “ខ្សែសង្វាក់ផ្គត់ផ្គង់ផុយស្រួយ និងកំណែមិនស្ថិតស្ថេរនៃសកលភាវូបនីយកម្ម” អំពាវនាវឱ្យមានកំណែទម្រង់ ហើយបញ្ហាប្រឈមបែបនេះ នឹងមានផលប៉ះពាល់លើគោលនយោបាយពាណិជ្ជកម្ម។
ចំពោះបញ្ហាមួយនេះ រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ក៏បានស្វះស្វែងរកវិធីចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មចាស់បុរាណ និងជំនួសមកវិញដោយការផ្ដោតលើប្រសិទ្ធភាព និងការចំណាយតិច ហើយកិច្ចព្រមព្រៀងថ្មីៗនោះ នឹងអូសទាញប្រទេសនានា ដែលមិនមែនជាសមាជិកអាចចូលរួមបានផងដែរ។
តំណាងពាណិជ្ជកម្មអាមេរិកក៏បានបន្ថែមថា យុទ្ធសាស្ត្រផ្តោតលើប្រសិទ្ធភាព ការចំណាយទាប និងការផលិតផ្លាស់ទីនៅខាងក្រៅអាមេរិក នឹងក្លាយជា “ការបង្រួបបង្រួមកាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចតែមួយ” ដូចជាប្រទេសចិន ដែល “រៀបចំរចនាសម្ព័ន្ធចំណាយ” និងគ្រប់គ្រងឧស្សាហកម្មសំខាន់ៗ។
លោកស្រីបានបញ្ជាក់ទៀតថា នៅក្នុងការចូលរួមពាណិជ្ជកម្មថ្មីៗ ដូចជា នៅក្នុងកិច្ចពិភាក្សាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក មន្ត្រីអាមេរិកកំពុងសម្លឹងមើលការយកចិត្តទុកដាក់បន្ថែមទៀតលើកម្មករ បរិស្ថាន និងអាជីវកម្មខ្នាតតូច ដោយសម្លឹងមើលស្តង់ដារដែលប្រសើរឡើងតាមពេលវេលា៕