នាយករដ្ឋមន្ត្រីចិន នឹងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង

អន្តរជាតិ

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងត្រូវបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ និងបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Li នឹងត្រូវទៅចូលរួម នៅក្នុងកិច្ចប្រជុំពិគ្រោះយោបលរវាងរដ្ឋាភិបាលចិន-អាល្លឺម៉ង់ជុំទី ៥ ហើយក៏នឹងត្រូវបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Wang បានបន្ថែមឱ្យដឹងទៀតថា នៅបារាំង លោក Li នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី (New Global Financing Pact) ដែលរៀបចំឡើងដោយប្រធានាធិបតី លោក Emmanuel Macron ក្នុងគោលបំណង ប្រមូលផ្តុំហិរញ្ញវត្ថុឯកជន និងសាធារណ: ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្ស និងភពផែនដី ។

ជម្រាបជូនផងដែរថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចទៅក្រៅបរទេសដំបូងបង្អស់សម្រាប់លោក Li ចាប់តាំងពីគាត់ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិន នៅក្នុងខែមីនាមក។ ហើយចំពោះការជ្រើសរើសយកអាល្លឺម៉ង់ជាកន្លែងដំបូង នៃដំណើរទសន្សនកិច្ចលើកដំបូងសម្រាប់លោក Li នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា គឺជាការឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវសារ:សំខាន់ដ៏អស្ចារ្យ ដែលចិនបានយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសអាល្លឺម៉ង់ ៕