សហស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates បានជួបដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ នៅទីក្រុងប៉េកាំង ស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅតែកើនឡើងកម្តៅខ្លាំង។
យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Xi បានប្រាប់មហាសេដ្ឋី Bill Gates ថា លោកគឺជាមិត្តដំបូងរបស់អាមេរិក ដែលបានជួបគ្នាជាមួយនៅក្នុងទីក្រុងប៉េកាំងនៅឆ្នាំនេះ ។
លើសពីនេះ ប្រធានាធិបតីចិនរូបនេះ បាននិយាយប្រាប់ទៅកាន់មហាសេដ្ឋីអាមេរិកថា៖ «ខ្ញុំនិយាយតែងនិយាយថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងអាមេរិក-ចិន គឺស្ថិតនៅក្នុងចំណោមប្រជាជន ហើយយើងតែងតែសម្លឹងមើលទៅកាន់ប្រជាជនអាមេរិក និងសង្ឃឹមថាប្រជាជនយើងទាំងពីរ នឹងបន្តមានទំនាក់ទំនងល្អជាមួយគ្នា»។
ជម្រាបជូនថា នេះគឺជាជំនួបដំបូងរបស់ប្រធានាធិបតីចិន លោក Xi ជាមួយនឹងធុរកិច្ចបរទេស ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីលោកបានផ្អាកការធ្វើដំណើរទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលចិន ចាប់ផ្តើមបិទច្រកព្រំដែនរបស់ខ្លួន អំឡុងជំងឺរាតត្បាតកូវីដ-១៩ ។
សូមជម្រាបជូនបន្ថែមថាមហាសេដ្ឋី Bill Gates ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននៅពេលនេះ គឺក្នុងតួនាទីមួយជាសហប្រធាននៃមូលនិធិ The Bill and Melinda Gates ដែលជាអង្គការមួយ មិនស្វែងរកប្រាក់ចំណេញ និងផ្តោតទៅលើសេវាថែទាំសុខភាពពិភពលោក ការអប់រំ និងការប្រែប្រួលអាកាសធាតុជាដើម ៕