រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចនៅចិន

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក​ Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញ​ទស្សនកិច្ចនៅចិនរយៈពេល ២ថ្ងៃ ខណៈនេះគឺជា​ដំណើរទស្សនកិច្ចលើកដំបូង​របស់​ឥស្សរជន​ជាន់ខ្ពស់អាមេរិក ទៅកាន់ប្រទេសចិន​ក្នុងរយៈពេលជិត ៥ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី BBC បានបង្ហាញថា ដំណើរទស្សនកិច្ចមួយនេះកើតឡើង ក្រោយ​លោក Blinken សុំពន្យារពេល​អស់រយៈពេលជិត ៥ខែ បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​បាឡុង​ចារកម្ម។

ដោយឡែក គោលបំណងនៃការបំពេញទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីរក្សា​ស្ថិរភាព​ទំនាក់ទំនង​ដែល​មាន​ភាព​តានតឹង​ខ្លាំង ប៉ុន្តែអាមេរិក​មាន​ក្ដី​រំពឹងទាប​ខ្លាំងណាស់​ចំពោះផ្លែផ្កា​នៃ​កិច្ចប្រជុំ ដ្បិត​តាំងពី​ចោទចិន​ពី​បញ្ហាបាឡុងចារកម្ម ទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំង ២ មានភាព​ប្រេះស្រាំ​រួចទៅហើយ។

សូមជម្រាបដែរថា ភាគីចិនក៏បានស្វាគមន៍​ចំពោះវត្តមានរបស់ Blinken ផងដែរ ប៉ុន្តែនៅតែមាន​កូនចិត្តសង្ស័យថា តើអាមេរិកពិតជា​ចង់​រក្សាទំនាក់ទំនងមួយនេះ​ពិតមែន ឬយ៉ាងណា? ខណៈ​រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិក ក៏​មិន​ទាន់ដឹងច្បាស់ថា អាចជួបជជែកជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង ឬអត់ដែរ៕