រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានចាប់ផ្ដើមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីចិននាថ្ងៃទី ១៩ មិថុនានេះ ហើយលោកក៏សង្ឃឹមអាចបន្តជួបជាមួយមេដឹកនាំកំពូល ស៊ី ជិនពីង មុនត្រឡប់មកអាមេរិកវិញផងដែរ។

អ្នកការទូតអាមេរិកបានជួបជជែកគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang រហូតដល់ ៧ម៉ោងកន្លះ ខណៈភាគីទាំងសងខាងសុទ្ធតែមានការប្រុងប្រយ័ត្នរៀងខ្លួន ពោលជជែកគ្នាដោយព្យាយាមមិនបង្កជម្លោះ។ នេះបើតាមការចុះផ្សាយពី CNA។

ដោយឡែក មុនជួបជាមួយនឹង Qin Gang រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានចូលសម្ដែងការគួរសមជាមួយនឹងលោក Wang Yi ដែលជាប្រមុខការទូតនៅបក្សកុម្ម៉ុយនីស្ត និងមានតំណែងធំជាងរដ្ឋមន្ត្រីការបរទេសផងដែរ។
គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីជំនួបរវាងលោក Blinken និងប្រធានាធិបតី ស៊ី ជិនពីងនៅឡើយ បន្ទាប់ពីមេដឹកនាំចិន និងប្រធានាធិបតីអាមេរិក ចូ បៃដិន ប៉ះសម្ដីគ្នាកាលពីខែវិច្ឆិកា ដែលធ្វើឲ្យទំនាក់ទំនងប្រទេសទាំង ២ កាន់តែធ្លាក់ក្នុងភាពល្អក់កករ។
សូមជម្រាបដែរថា មន្ត្រីអាមេរិកបង្ហើបឲ្យដឹងថា ពួកគេមិនរំពឹងបានផ្លែផ្កាធំឡើយពីទស្សនកិច្ចរបស់លោក Blinken គ្រាន់តែសង្ឃឹមថា ដំណើរទស្សនកិច្ចមួយនេះអាចបើកផ្លូវដល់ទំនាក់ទំនងសាមញ្ញវិញ និងការពារកុំឲ្យមានជម្លោះកាន់តែខ្លាំងប៉ុណ្ណោះ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន Qin Gang ក៏បានយល់ព្រមការអញ្ជើញពី Blinken ក្នុងការធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ ខណៈពេលវេលាមិនទាន់កំណត់បាននៅឡើយ៕