ប្រធានាធិបតីឥណ្ឌូណេស៊ី ស្វាគមន៍ព្រះចៅអធិរាជជប៉ុនយ៉ាងកក់ក្ដៅ

អន្តរជាតិ

ព្រះចៅអធិរាជប៉ុន Naruhito និងព្រះមហេសី Masako បានជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី Joko Widodo អំឡុងពេលយាងទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ខណៈ​នេះក៏ជា​ដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូង ចាប់តាំងពីទ្រង់ឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន មកកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ធ្វើឡើងចន្លោះថ្ងៃទី ១៧ ដល់ ២៣ មិថុនា បន្ទាប់ពី​មាន​ការ​អញ្ជើញដោយផ្ទាល់ ពី​ប្រធានាធិបតីឥណ្ឌូណេស៊ី​កាលពីឆ្នាំទៅ។

“សម្រាប់ការយាងមកបំពេញទស្សនកិច្ច​របស់​ព្រះចៅអធិរាជ និងព្រះមហេសី​នៅឥណ្ឌូណេស៊ី គឺ​កាន់តែធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំង ២ កាន់តែរឹងមាំ ខណៈមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច”។ នេះបើតាមសម្ដីរបស់​លោក Joko Widodo។

នាថ្ងៃស្អែកទី ២០ មិថុនា​នេះ ព្រះចៅអធិរាជជប៉ុន និងព្រះមហេសី ក៏នឹងយាងទៅទត​ទីបញ្ចុះសពយោធា​នៅទីក្រុងហ្សាកាតា ដែលមាន​អតីតកងទ័ពជប៉ុន ២៨ នាក់ បានកប់នៅទីនោះ អំឡុងពេលធ្វើសង្គ្រាមដណ្ដើមឯករាជ្យឥណ្ឌូនេស៊ី ចន្លោះឆ្នាំ ១៩៤៥-១៩៤៩ ផងដែរ។

សូមជម្រាបដែរថា ទីក្រុងតូក្យូ និងហ្សាការតា បានជំរុញទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមន្ត្រីជប៉ុនបានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ច​ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ី និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតផ្លូវដឹកជញ្ជូនសកល៕