ឥណ្ឌូនេស៊ី ឈានដល់ការចុះ MOU នាំចូលអង្ករចំនួន ១ លានតោន ពីប្រទេសឥណ្ឌា

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា ប្រទេសឥណ្ឌូនេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងការនាំចូលអង្ករចំនួន ១ លានតោន ចំពេលមានការព្រួយបារម្ភទៅលើបាតុភូតរាំងស្ងួត El Nino ដែលអាច​បង្ក​ផល់ប៉ះពាល់ ដល់ការផ្គត់ផ្គង់ក្នុងស្រុក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយថា ការចុះ​អនុស្សារណ:​នៃការយោគយល់ (MOU) ជាមួយឥណ្ឌានេះ គឺស្ថិតនៅក្រោមកូតា ក្នុងការនាំចូលអង្កររបស់ឥណ្ឌូនេស៊ី ចំនួន ២ លានតោន ដែលត្រូវបានកំណត់ដោយទីភ្នាក់ងារលទ្ធកម្មស្បៀងអាហាររដ្ឋរបស់ឥណ្ឌូនេស៊ី (Bulog) នៅឆ្នាំនេះ។

គួរឱ្យដឹងផងដែរថា កាលពីដើមឆ្នាំនេះ ឥណ្ឌូនេស៊ី បាននាំចូលអង្ករចំនួន ៣៥០ ០០០​តោន រួចមកហើយ នៃកូតានាំចូល ២ លានតោន របស់ខ្លួន នៅឆ្នាំនេះ នៅពេលដែលរដ្ឋាភិបាលទីក្រុងហ្សាកាតា កំពុងមានក្តីព្រួយបារម្ភចំពោះផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino នៅឆ្នាំនេះ ដែលអាចគំរាមកំហែងដល់ការប្រមូលផល និងបង្កើនហានិភ័យភ្លើងឆេះព្រៃ ផងដែរ ។

ជម្រាបជូនផងដែរថា បើទោះបីជាឥណ្ឌា ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោកក៏ដោយ ប៉ុន្តែជាធម្មតាឥណ្ឌូនេស៊ី ចូលចិត្តទិញចូលអង្ករពីប្រទេសជិតខាង ដូចជាថៃ និងវៀតណាមជាង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ឥណ្ឌូនេស៊ី បាននឹងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីការពារខ្លួនពីអាកាសធាតុអាក្រក់ នៅឆ្នាំនេះ ជាមួយនឹងការងាកទៅរកប្រទេសឥណ្ឌាវិញ ដើម្បីធានាដល់ការផ្គត់ផ្គង់អង្កររបស់ខ្លួនបន្ថែមទៀត ៕