ថៃ ចាប់ផ្តើមនាំចេញសាច់ទាឆ្អិនទៅកាន់អូស្រ្តាលីជាលើកដំបូង ក្រោយចរចាអស់ ៧ ឆ្នាំ

អន្តរជាតិ

ប្រទេសថៃ ថ្មីៗនេះ បានចាប់ផ្តើមបើកការនាំចេញផលិតផលសាច់ទាឆ្អិន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង បន្ទាប់ពីមានការចរចាគ្នាអស់រយ:ពេល ៧ ឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម និងសហករណ៍ រួមជាមួយក្រុហ៊ុនផលិតផលចំណីអាហារ Charoen Pokphand Foods (CPF) កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅ បានប្រារព្ធពិធី ដឹកជញ្ជូនផលិតផលសាច់ទាឆ្អិន ទៅកាន់ប្រទេសអូស្រ្តាលី ជាលើកដំបូងបំផុត ។

មិនតែប៉ុណ្ណោះ លោក Prayoon Inskul លេខាធិការអចិន្រ្តៃយ៍របស់ក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយថា ប្រទេសថៃ និងអូស្ត្រាលី បានចរចាគ្នា ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ហើយដោយសារតែមានភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនរវាងប្រទេសទាំងពីរ បានធ្វើឱ្យថៃ ក្លាយជាប្រទេសដំបូង ដែលអាចមានសិទ្ធិក្នុងការនាំចេញអាហារឆ្អិនស្រាប់ ទៅកាន់ប្រទេសអូស្រ្តាលី ។

គួរឱ្យដឹងថា សាច់ទាឆ្អិន ចំនួន ២០ តោន ដំបូង ត្រូវបានថៃ ដឹកជញ្ជូនចេញទៅកាន់ប្រទេសអូស្រ្តាលី ហើយប្រទេសនេះ រំពឹងទុកខ្ពស់ថា ចំនួននៃការនាំចេញ អាចនឹងបន្តកើនឡើងដល់ ១ ២០០ តោន នៅក្នុងឆ្នាំដំបូង ជាមួយនឹងការបង្កើតប្រាក់ចំណូលបានប្រហែល ៤០០លានបាត ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន CPF បាននិងកំពុងនាំចេញផលិតផលទា ទៅកាន់ទីផ្សារអន្តរជាតិជាច្រើនរួចមកហើយ រួមមានអាល្លឺម៉ង់ អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន សិង្ហបុរី និងនូវែលសេឡង់ ខណ:ក្រុមហ៊ុនអាហារខ្នាតយក្សមួយនេះ ក៏កំពុងកំណត់គោលដៅ ក្នុងការនាំចេញទាពី ៥០០ ទៅ ៦០០ តោន ទៅកាន់ប្រទេសអូស្រ្តាលី នាពេលខាងមុខនេះ ផងដែរ ៕