បន្ទាប់ពីមានមន្ទិលសង្ស័យជុំវិញភាពមិនច្បាស់លាស់នៃការជួបគ្នារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងប្រធានាធិបតីចិន ទីបំផុតក្រសួងការបរទេសអាមេរិកបានប្រកាសជាសាធារណៈថា ប្រមុខការទូតអាមេរិក នឹងជួបជាមួយលោក ស៊ី ជិនពីង នាថ្ងៃច័ន្ទនេះ។

ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីរសៀលថ្ងៃច័ន្ទថា ប្រធានាធិបតីចិន និងអ្នកការទូតជាន់ខ្ពស់ Blinken នឺងជួបជជែកគ្នានៅទីក្រុងប៉េកាំងនាថ្ងៃច័ន្ទ ជាមួយក្ដីសង្ឃឹមដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនឡើងវិញ ក្រោយមានជម្លោះជុំវិញបាឡុងចារកម្មចិនកាលពីដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី CNN។

គួររំលឹកថា ដោយសារបញ្ហាបាឡុងចារកម្មនេះផងដែរ ដែលពន្យារពេលបំពេញទស្សនកិច្ចរបស់លោក Blinken មកកាន់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក អស់រយៈពេលជិត ៥ខែ។
ជម្រាបបន្ថែមថា លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកទីមួយ ដែលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខណៈការពិភាក្សារវាងលោក និងមន្ត្រីជាន់ខ្ពស់ចិន ត្រូវបានគេមើលឃើញថា ជាកូនសោរសំខាន់ក្នុងការសាងទំនាក់ទំនងរវាងអាមេរិក និងចិនឡើងវិញ៕