ជំនួបរវាងលោក ស៊ី ជិនពីង និងប្រមុខការទូតអាមេរិក Blinken ក្លាយជាឧបករណ៍វាស់ស្ទង់ទំនាក់ទំនងចិន-អាមេរិក

អន្តរជាតិ

ទីបំផុតប្រមុខការទូតអាមេរិក លោក Antony Blinken បានជួបពិភាក្សាការងារជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃច័ន្ទ ទី១៩ ខែមិថុនានេះ នៅទីក្រុងប៉េកាំង។ ជំនួបនេះ​​ត្រូវបាន​គេ​មើលឃើញថា ជាឧបករណ៍វាស់ស្ទង់ពី​ភាពជោគជ័យ​នៃ​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រីបរទេសអាមេរិក ទៅកាន់ប្រទេសចិន​ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំួបនោះដ៏កម្រនេះ ប្រធានាធិបតី ស៊ី​ ជិនពីង បាន​និយាយថា «ប្រទេសចិនបានបង្ហាញពី “ជំហរយ៉ាងច្បាស់លាស់” ដោយសង្កត់ធ្ងន់ថា ភាគីទាំងសងខាង​សុទ្ធតែឯកភាព​តាមការ​យល់ដឹង​រួម រវាង​ប្រធានាធិបតី ចូ បៃដិន និង​ថ្នាក់ដឹកនាំកំពូលចិន អំឡុង​កិច្ចប្រជុំ​ដែលធ្វើឡើង​នៅ​កោះបាលី»។ នេះបើតាមការចុះផ្សាយពី​កាសែតរដ្ឋចិន។

ជាមួយគ្នានេះ ប្រធានាធិបតីចិនបាននិយាយថា​ អន្តរកម្មរវាងរដ្ឋ និងរដ្ឋ គួរតែផ្អែក​លើការគោរព​គ្នាទៅវិញទៅមក និងភាពស្មោះត្រង់ ហើយខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមួយនេះរបស់លោក Blinken អាចរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។

ក្នុងជំនួបនោះ លោក ស៊ី ​ក៏បាន​បញ្ជាក់ដែរថា ប្រទេសទាំង ២ “ក៏បានធ្វើឱ្យមានវឌ្ឍនភាព និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួន” ប៉ុន្តែមិនបញ្ជាក់លំអិតពី​កិច្ចព្រមព្រៀង​ទាំងនោះឡើយ។

លើសពីនេះ​ ជំនួបរវាងប្រធានាធិបតីចិន ​និងប្រមុខការទូតអាមេរិក ក៏រំពឹងថាអាចជា​ការ​បើកផ្លូវ​ដល់​ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតដូចជា លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo នឹងគ្រោងមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនាពេលខាងមុខផងដែរ៕