ក្រុមហ៊ុនអឺរ៉ុប Airbus បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយសម្រេចបានកិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានការបញ្ជាទិញយន្តហោះច្រើនបំផុតពីក្រុមហ៊ុនឥណ្ឌា IndiGo។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រុមហ៊ុន IndiGo បានបញ្ជាទិញយន្តហោះប្រភេទ A320neo ខ្នាតគ្រួសារ ចំនួន ៥០០ គ្រឿង ខណៈ Airbus នឹងចាប់ផ្ដើមដឹកយន្តហោះឲ្យក្រុមហ៊ុនឥណ្ឌាចន្លោះឆ្នាំ ២០៣០ ដល់ ២០៣៥។
សូមជម្រាបដែរថា បច្ចុប្បន្នឥណ្ឌានៅតែជាទីផ្សារយន្តហោះដែលមានកំណើនលឿនបំផុត ពោលមានការបញ្ជាទិញយន្តហោះជាច្រើនគ្រឿង ដែលធ្វើឲ្យក្រុមហ៊ុនផលិតខ្លះមានបញ្ហារាំងស្ទះ ដល់ការផ្គត់ផ្គង់ថែមទៀត។
បន្ថែមពីនោះ ឥណ្ឌាក៏ជាអតិថិជនទិញយន្តហោះធំបំផុតទី ២ បន្ទាប់ពីអាមេរិក ប៉ុន្តែមានការសន្និដ្ឋានថា ឥណ្ឌាអាចនឹងទិញយន្តហោះច្រើនជាងតម្រូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ៕