មុនបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្រេចនូវភាពជោគជ័យដ៏ធំមួយគឺ ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង។
ថ្វីបើជំនួបមួយនោះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចមួយនេះក្ដី ប៉ុន្តែប្រមុខការទូតអាមេរិកនៅតែសោកស្ដាយចំពោះរឿងមួយគឺ បន្តកិច្ចសន្ទនាយោធារវាងចិន និងអាមេរិក។ នេះបើតាមការចុះផ្សាយពី CNA។
ក្នុងកិច្ចប្រជុំរវាងលោក ស៊ី និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្រេចនូវការសន្យា និងកិច្ចព្រមព្រៀងមួយចំនួន ដែលមិនបញ្ជាក់លំអិត ប៉ុន្តែចំពោះបញ្ហាយោធានៅតែស្ថិតក្នុងសភាពមិនប្រក្រតីដូចដើម។
ចំណុចបញ្ហាគឺ កោះតៃវ៉ាន់ ដែលចិនអះអាងម្ដងហើយម្ដងទៀតថា ជាផ្នែកមួយនៃប្រទេសចិន និងបានហាមប្រាមមិនឲ្យអាមេរិកលូកដៃក្នុងបញ្ហាផ្ទៃក្នុងមួយនេះ ប៉ុន្តែអាមេរិកនៅតែចចេស។
លោក Blinken ជំនះថា អាមេរិកចង់រក្សាស្ថានភាពដដែល និង “ការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវរបស់តៃវ៉ាន់” ខណៈដែលលោកបានលើកឡើងពីការព្រួយបារម្ភ អំពីទង្វើ “បង្កហេតុ” ដោយទីក្រុងប៉េកាំង។
ជាការឆ្លើយតប ប្រមុខការទូតចិន Wang Yi បានប្រាប់ទៅ Blinken វិញថា នៅលើកោះតៃវ៉ាន់ “គ្មានកន្លែងណាមួយដើម្បីសម្របសម្រួល ឬទទួលយកឡើយ” ដោយទីក្រុងប៉េកាំង៕