Alibaba ប្រកាសតែងតាំងប្រធានក្រុមហ៊ុនថ្មី ផ្អើលអស់បុគ្គលិក

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្ស Alibaba Group បានប្រកាសតែងតាំងប្រធានក្រុមហ៊ុនថ្មី ចំពេល​មាន​ការរង្គោះរង្គើ​ផ្នែក​គ្រប់គ្រង ខណៈ​កំណើនសេដ្ឋកិច្ច​មាន​ការ​ងើបឡើងយឺត ស្របពេល​កំណើន​គូប្រជែងមាន​ច្រើនសន្ធឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា លោក Daniel Zhang នឹង​ចុះចេញ​ពីតំណែងជា CEO និងប្រធានក្រុមហ៊ុនAlibaba នាខែកញ្ញាខាងមុខ ខណៈ​អ្នក​ដែល​នឹង​មក​បន្ត​វេន​របស់​លោកគឺ សហស្ថាបនិកក្រុមហ៊ុន Joseph Tsai។

ដោយឡែក ចំពោះតំណែងជា CEO វិញ នឹងធ្លាក់ទៅលើលោក Eddie Wu ដែលបច្ចុប្បន្ន​ជាប្រធាន​គ្រប់គ្រង​លើ​ផ្នែក Taobao និង Tmall។

ចំពោះការលាលែងតំណែងរបស់​លោក Zhang ដែលកាន់តួនាទីមួយនេះអស់រយៈពេលជិត ៨ឆ្នាំ កើតឡើងក្រោយ​ក្រុមហ៊ុន Alibaba ជួបវិបត្តិជាច្រើនដូចជា ការលក់មាន​ការធ្លាក់ចុះ បើទោះជា​សេដ្ឋកិច្ចនៃប្រទេសចិន​ងើបឡើងវិញ ស្របពេល​ក្រុមហ៊ុនគូប្រជែង Pinduoduo ប្រើយុទ្ធសាស្ត្រ​ថ្មី អូសទាញ​អតិថិជន​បានច្រើនសន្ធឹក។

យ៉ាងណា លោក Zhang ក៏នឹងទៅកាន់តួនាទីជាប្រធាន និង CEO នៃអង្គភាពថ្មីមួយ​របស់ក្រុមហ៊ុន Alibaba ដែលទាក់ទង​នឹងបច្ចេកវិទ្យា​ទំនើប ខណៈ​អង្គភាពថ្មីនេះ​គ្រោងចុះបញ្ជីពាណិជ្ជកម្ម​នាឆ្នាំក្រោយ៕