ថ្មីៗនេះ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet Inc បានចាប់ផ្ដើមកិច្ចចរចា ជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងស្រុកនៃទីផ្សារឥណ្ឌា ដើម្បីនាំយកទូរស័ព្ទឆ្លាតវៃ Pixel ទៅលក់នៅទីនោះ។
យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានសម្លឹងឃើញឥណ្ឌាជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ បន្ទាប់ពីជួបបញ្ហាកកស្ទះសង្វាក់ផលិតកម្ម ដោយសារវិធានការកូវីដ ១៩ ដ៏តានតឹងរបស់ចិន កាលពីប៉ុន្មានឆ្នាំមុន។
គួររំលឹកដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈទៅឲ្យ Apple ក៏ទទួលបានគម្រោងខ្នាតយក្សមួយគឺ ផលិតទូរស័ព្ទ iPhone នៅឥណ្ឌាផ្ទាល់តែម្ដង។
ជម្រាបបន្ថែមថា Google បានជជែកគ្នារួចស្រេចជាមួយក្រុមហ៊ុន Lava International Ltd ក្រុមហ៊ុន Dixon Technologies India និង Bharat FIH ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn Technology Group ប៉ុន្តែទាំង Google និងក្រុមហ៊ុន ៣ នេះ មិនបានផ្ដល់ព័ត៌មានលំអិតអំពីការពិភាក្សានោះនៅឡើយ៕