លោក Blinken ខំផ្សះផ្សារទំនាក់ទំនងចិន-អាមេរិក ខណៈប្រធានាធិបតី ចូ បៃដិន ហៅ ស៊ី ជិនពីង ជាជនផ្ដាច់ការ

អន្តរជាតិ

ប្រមុខការទូតអាមេរិក លោក Antony Blinken ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ដោយទទួលបាន​សមិទ្ធផល​ដ៏ធំមួយ គឺជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងគោលបំណងផ្សះផ្សារ​ទំនាក់ទំនងរវាងអាមេរិក និងចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែ​ការខិតខំប្រឹងប្រែងរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken អាចនឹងមិន​សូវ​ទទួល​បាន​ផ្លែផ្កា ក្រោយ​ប្រធានាធិបតីអាមេរិក​ ចូ បៃដិន បានហៅ​មេដឹកនាំកំពូល​ចិន​ថាជាជនផ្ដាច់ការ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា លោក ចូ បៃដិន បាន​និយាយ​ថា លោក ស៊ី មាន​ការខ្មាសអៀន​ជុំវិញ​បញ្ហាបាឡុងចារកម្ម ដែល​លោក​បាន​បាញ់ទម្លាក់កាលពី​ប៉ុន្មានខែមុន ហើយបានហៅ​ទង្វើនេះថាជា ទង្វើជនផ្ដាច់ការ។

“មូលហេតុដែល​លោក ស៊ី មាន​ការអាក់អន់ស្រពន់ចិត្ត គឺដោយសារគាត់មិនដឹងទេថា ពេលខ្ញុំ​បាញ់​បាឡុងនោះ គឺមានឧបករណ៍ចារកម្ម​ដល់ទៅ ២ ប្រអប់ធំៗ។ វាគឺជារឿងគួរឲ្យខ្មាស​ខ្លាំង​បំផុត សម្រាប់ជនផ្ដាច់ការ នៅពេល​ពួកគេ​មិនដឹងថា មានរឿងអ្វីកើតឡើង”។ នេះបើតាមសម្ដីរបស់​ប្រធានាធិបតីអាមេរិក បាននិយាយ​នៅកម្មវិធីរៃអង្គាសប្រាក់​មួយ។

សូមជម្រាបដែរថា មហាអំណាចសេដ្ឋកិច្ចទាំង ២ គឺបានពាក់មុខយក្សដាក់គ្នា​អស់រយៈពេលជា​យូរណាស់មកហើយ តាំងពីជម្លោះ​បញ្ហាពាណិជ្ជកម្ម សិទ្ធមនុស្ស និងបញ្ហានៅកោះតៃវ៉ាន់ ប៉ុន្តែ​ជម្លោះមួយនេះ​ផ្ទុះកាន់តែខ្លាំង ក្រោយអាមេរិក​ចោទចិនថា បង្ហោះបាឡុងចារកម្ម​ចូលដែនអាកាស​របស់ខ្លួន ស្របពេលភាគីម្ខាងទៀត​ប្រកែកដាច់អហង្ការ​ថា អាមេរិក​ចោទ​ពួកគេ​ដោយ​គ្មានភ័ស្តុតាង៕