កាលពីថ្ងៃទី ២០ មិថុនាកន្លងទៅ ប្រទេសប៉ាគីស្ថាន និងចិនបានចុះកិច្ចព្រមព្រៀង សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ១ ២០០ មេហ្គាវ៉ាត់ ខណៈនាយករដ្ឋមន្ត្រី Shehbaz Sharif បង្ហាញការសាទរ ចំពោះការវិនិយោគពីប្រទេស ដែលប៉ាគីស្ថានចាត់ទុកជាដៃគូសំខាន់បំផុត។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គម្រោងមួយនេះត្រូវបានគេឲ្យឈ្មោះថា Chashma 5 ហើយវានឹងត្រូវចាប់ផ្ដើមការសាងសង់ភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Mou) រវាងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាតិចិន និងគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះបាននិយាយថា៖ ការវិនិយោគពីប្រទេសចិននៅក្នុងគម្រោងនេះ រហូតដល់ ៤,៨ពាន់លានដុល្លារអាមេរិក បានបង្ហាញយ៉ាងច្បាស់ថា ប៉ាគីស្ថានគឺជាប្រទេសដែលក្រុមហ៊ុន និងវិនិយោគិនចិន បន្តបង្ហាញការជឿជាក់ និងជំនឿរបស់ពួកគេ។

សូមជម្រាបដែរថា គម្រោងការណ៍មួយនេះធ្លាប់ពន្យារពេលអស់ប៉ុន្មានឆ្នាំ បន្ទាប់ពីប៉ាគីស្ថានជួបវិបត្តិហិរញ្ញវត្ថុតិចតួច ប៉ុន្តែដោយសារការយោគយល់ ភាគីចិនបានយល់ព្រមជួយសម្រួលថវិកាជាង ១០០លានដុល្លារ ដើម្បីអាចឲ្យប្រទេសទាំង ២ បន្តគម្រោងមួយនេះបានដោយរលូនវិញ៕