EU សង្ឃឹមទទួលបានទឹកប្រាក់ ១៦០ពាន់លានអឺរ៉ូ ពីការវិនិយោគលើបច្ចេកវិទ្យាសំខាន់ៗ

អន្តរជាតិ

កាលពីថ្ងៃទី ២០ ខែមិថុនាកន្លងទៅ គណៈកម្មាការអឺរ៉ុបបានស្នើសុំរដ្ឋាភិបាលសហភាពអឺរ៉ុប ឲ្យផ្ដល់កញ្ចប់ថវិកាបន្ថែម ១០ពាន់លានអឺរ៉ូ ដើម្បីបង្គ្រប់ចំនួន ១៦០ពាន់លានអឺរ៉ូ សម្រាប់ការវិនិយោគលើ​វិស័យបច្ចេកវិទ្យាសំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កញ្ចប់ទឹកប្រាក់ដ៏សម្បើមនោះ នឹង​ត្រូវ​ប្រើប្រាស់​ចន្លោះឆ្នាំ ២០២៤ ដល់ ២០២៧ ទៅលើវិស័យបច្ចេកវិទ្យានានា រាប់បញ្ចូលទាំង​វិស័យ​ថាមពលកកើតឡើងវិញផង។

ការអំពាវនាវមួយនេះធ្វើឡើងនៅពេលដែលនាយកប្រតិបត្តិសហភាពអឺរ៉ុប កំពុងពិនិត្យមើលថវិការយៈពេលវែងរបស់ប្លុក ដែលសរុបប្រហែល ១% នៃផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប និងការចំណាយសម្រាប់គោលនយោបាយរួមអឺរ៉ុបផ្សេងៗ។

ដោយឡែក ការពិនិត្យឡើងវិញនេះ គឺចាំបាច់ដើម្បីបញ្ចូលទៅក្នុងថវិការួមឆ្នាំ ២០២១-២៧ ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិថាមពល ក៏ដូចជាអតិផរណាដ៏ខ្លាំងក្លា និងការកើនឡើងអត្រាការប្រាក់យ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបដែរថា គម្រោងការណ៍មួយនេះត្រូវបានគេឲ្យឈ្មោះថា បច្ចេកវិទ្យាយុទ្ធសាស្ត្រ សម្រាប់វេទិកាអឺរ៉ុប (STEP) និងជួយអភិវឌ្ឍនៅក្នុង មីក្រូអេឡិចត្រូនិច និងកុំព្យូទ័រកង់ទិចរបស់សហភាពអឺរ៉ុប ក៏ដូចជាថាមពលកកើតឡើងវិញ និងការផ្ទុកអគ្គិសនី ក្នុងចំណោមកម្មវិធីផ្សេងៗទៀត៕