កាលពីថ្ងៃច័ន្ទកន្លងទៅ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា លោកធ្លាប់និយាយជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចំពោះការពន្យារពេលវាយប្រហារ លើប្រទេសអ៊ុយក្រែន។
យោងតាមកិច្ចសម្ភាសន៍ជាពិសេសរបស់សារព័ត៌មាន Fox News អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកបានប្រាប់ទៅកាន់ មេដឹកនាំរុស្ស៊ីថា ការវាយប្រហារលើអ៊ុយក្រែន នឹងបង្កជា “វិនាសកម្មដ៏អាក្រក់” ហើយរុស្សីនឹងត្រូវជួបផលវិបាកជាច្រើន។
“ជាមួយពូទីន ខ្ញុំមានទំនាក់ទំនងល្អណាស់ ហើយបើទោះជាមិនសូវបាននិយាយគ្នា តែខ្ញុំ និងគាត់មានទំនាក់ទំនងយ៉ាងរឹងមាំ។ គាត់ (ពូទីន) នឹងមិនវាយប្រហារអ៊ុយក្រែនឡើយ បើសិនជាខ្ញុំនៅកាន់អំណាច តែនេះខ្ញុំចុះចេញហើយ ទើបគាត់ធ្វើវា”។ នេះបើតាមសម្ដីរបស់លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍។
បន្ថែមពីនោះ លោក ត្រាំ ថែមទាំងសង្កត់ធ្ងន់ថា បើសិនជាសង្គ្រាមទើបនឹងផ្ទុះ លោកមានសមត្ថភាពចរចាឲ្យប្រទេសទាំង ២ ដោះស្រាយគ្នាបានដោយសន្តិវិធី ក្នុងរយៈពេល ២៤ ម៉ោង ព្រោះនេះគឺជាជំនាញរបស់លោក ក្នុងនាមជាអ្នកធុរកិច្ចដ៏ជោគជ័យមួយរូប ប៉ុន្តែអ្វីៗគឺហួសពេលហើយ។
សូមជម្រាបថា គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលច្រើនជាង ៤៨០ថ្ងៃ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត ខណៈសេដ្ឋកិច្ចសកលក៏ជួបវិបត្តិជាច្រើន ដោយសារបញ្ហាមួយនេះដូចគ្នា៕