នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន កំពុងសម្លឹងរកមើលឱកាស ក្នុងការបោះទុនវិនិយោគ នៅក្នុងប្រទេសឥណ្ឌា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា លោក Musk បានធ្វើការលើកឡើងបែបនេះ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយ លោក Narendra Modi នៅក្នុងទីក្រុងញូវយ៉ក អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។
មិនតែប៉ុណ្ណោះ លោក Musk បាននិយាយទៀតថា ប្រទេសឥណ្ឌា មានសក្តានុពលខ្លាំង សម្រាប់ពេលអនាគត ជាពិសេសទៅលើវិស័យថាមពល ប្រកបដោយនិរន្តរភាព រួមទាំងថាមពលពន្លឺព្រះអាទិត្យ ស្ថានីយផ្ទុកថាមពលអគ្គិសនី និងរថយន្តអគ្គិសនី ផងដែរ។ ខណ:មហាសេដ្ឋីអាមេរិករូបនេះ បានបន្ថែមទៀតថា លោកក៏សង្ឃឹមថានឹងអាចនាំយកសេវាអ៊ីធើណិត តាមផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ទៅកាន់ប្រទេសឥណ្ឌា ផងដែរ ។
លើលពីនេះ លោក Musk បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា ៖ ” លោក Modi ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះប្រទេសឥណ្ឌារបស់គាត់ខ្លាំងណាស់ ព្រោះថាគាត់កំពុងព្យាយាមជំរុញឱ្យក្រុមហ៊ុនរបស់យើង ធ្វើការវិនិយោគសំខាន់ៗ នៅឥណ្ឌា ដែលនោះក៏ជាអ្វីដែលយើងមានបំណងចង់ធ្វើ ផងដែរ។ ខ្ញុំមានទំនុកចិត្តខ្ពស់ថា Telsa នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយយើងនឹងធ្វើឱ្យវាកើតឡើង ឱ្យបានឆាប់តាមដែលអាចធ្វើបាន ” ។
ជម្រាបជូនផងដែរថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិករូបនេះ ក៏ធ្លាប់បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ផងដែរ ហើយបានធ្វើការពិភាក្សាជាមួយការិយាល័យ និងរដ្ឋមន្ត្រីឥណ្ឌា កាលពីខែមុន ស្តីពីការបង្កើតមូលដ្ឋានផលិតកម្មសម្រាប់រថយន្ត និងអាគុយ នៅក្នុងប្រទេសក្នុងតំបន់អាស៊ី មួយនេះ ៕