កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានហៅប្រធានាធិបតីចិន ស៊ី ជិនពីង ថាជា “ជនផ្ដាច់ការ” អំឡុងពេលធ្វើការរៃអង្គាសប្រាក់នៅទីក្រុង California។

ជុំវិញការចោទប្រកាន់នេះផងដែរ ក្រសួងការបរទេសចិនបានចេញមុខថ្កោលទោសលោក បៃដិន និងបានចាត់ទុកថា ការហៅថ្នាក់ដឹកនាំកំពូលរបស់ចិនថាជា “ជនផ្ដាច់ការ” គឺជា “ការញុះញង់នយោបាយដោយបើកចំហរ”។ នេះបើតាមការចុះផ្សាយពី CNA។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ពាក្យសម្ដីរបស់លោក បៃដិន ដែលចោទប្រកាន់មកលើប្រធានាធិបតីចិន គឺគួរឲ្យអស់សំណើច និងមានមិនមានទំនួលខុសត្រូវទាល់តែសោះ។

“ការលើកឡើងដែលពាក់ព័ន្ធរបស់ភាគីអាមេរិកគឺគួរឱ្យអស់សំណើច និងគ្មានទំនួលខុសត្រូវ ពោលពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីការការទូត និងសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន។ ចិនមិនពេញចិត្ត និងប្រឆាំងយ៉ាងខ្លាំងចំពោះរឿងមួយនេះ”។ នេះបើតាមការលើកឡើងរបស់លោកស្រី Mao Ning។
សូមជម្រាបដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន បានឈានដល់ចំណុចគួរឲ្យបារម្ភ ហើយវាបានរីករាលដាលកាន់តែខ្លាំង ក្រោយអាមេរិកចោទចិនថា បានបង្ហោះបាឡុងចារកម្មចូលដែនអាកាសរបស់ខ្លួនកាលពីខែកុម្ភៈ៕