នាវាមុជទឹកខ្នាតតូចដឹកអ្នកដំណើររបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃអាទិត្យ ហើយមកទល់ពេលនេះក្រុមអ្នកសង្គ្រោះកំពុងព្យាយាមរុករកនាវាមួយនោះ។

យោងតាមការចុះផ្សាយពី Unilad បានបង្ហាញថា នាវាមុជទឹកខ្នាតតូចមួយនេះ អាចផ្ទុកមនុស្ស ៥ នាក់ ខណៈអ្នកបាត់ខ្លួនទាំង ៥នាក់នោះត្រូវបានកំណត់អត្តសញ្ញាណរួចហើយគឺ មហាសេដ្ឋីអង់គ្លេស Hamish Harding អ្នកស្រាវជ្រាវជនជាតិបារាំង Paul-Henri Nargeolet អ្នកជំនួញជនជាតិប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Sulaiman និងចុងក្រោយគឺ CEO នៃក្រុមហ៊ុន OceanGate លោក Stockton Rush។

ទាក់ទងជាមួយនឹងការសង្គ្រោះនាវាមុជទឹកនេះផងដែរ ក្រុមអ្នកសង្គ្រោះបង្ហើបថា ពួកគេមានការលំបាកក្នុងការស្វែងរក ដ្បិតនាវាមួយនេះតូចពេក ខណៈខ្យល់អុកស៊ីសែនដែលមានផ្ទុកក្នុងនាវា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ដល់មនុស្សទាំង ៥នាក់ ក្នុងរយៈពេលច្រើនជាង ២៤ ម៉ោងឡើយ។
សូមជម្រាបដែរថា ការកម្សាន្តដ៏គ្រោះថ្នាក់មួយនេះ គឺមានបំណងទៅទស្សនាចំណុចលិចកប៉ាល់ទីតានិក ដែលបានលិចកាលពីឆ្នាំ ១៩១២ ប៉ុន្តែបានបាត់ដំណឹងស្ងាត់ឈឹង ស្របពេលតម្លៃកៅអីនោះគឺប្រហែល ២៥០ ០០០ ដុល្លារក្នុងម្នាក់ ហើយតម្រូវឲ្យអ្នកចូលរួមត្រូវចុះហត្ថលេខាលើសេចក្ដីសម្រេចមួយចំនួនផងដែរ៕