នាវាមុជទឹកខ្នាតតូចរបស់ក្រុមហ៊ុន OceanGate Expeditions ដែលដឹកអ្នកដំណើរ ៥នាក់ ឆ្ពោះទៅរកទីតាំងនៃកប៉ាល់ទីតានិកនៅមហាសមុទ្រអាត្លង់ទិក ដែលបានលិចអស់រយៈពេលជាង ១០០ឆ្នាំ បានបាត់ដំណឹងពីរ៉ាដាតាំងពីថ្ងៃអាទិត្យ មកទល់បច្ចុប្បន្ន។

ក្នុងចំណោមអ្នកដំណើរទាំង ៥នាក់នោះ ក៏មានវត្តមានរបស់មហាសេដ្ឋីអង់គ្លេសមួយរូបគឺ លោក Hamish Harding ដែលជាប្រធានក្រុមហ៊ុនអាកាសចរណ៍ Action Aviation ខណៈបុរសវ័យ ៥៨ឆ្នាំ ក៏ជាបុគ្គលមួយរូប ចូលចិត្តធ្វើដំណើរផ្សងព្រេងគ្រោះថ្នាក់ផងដែរ។

យោងតាមការចុះផ្សាយពី Marca បានបង្ហាញថា កន្លងមកលោក Harding ធ្លាប់បានធ្វើដំណើរទៅកាន់លំហអាកាស ជាមួយម្ចាស់កំណត់ត្រា Guinness World Record ចំនួន ៣នាក់ ហើយកាលពីឆ្នាំ ២០២១ លោកក៏បានបង្កើតកំណត់ត្រា ២ ជាមួយអ្នកជំនួញ Victor Vescovo ដោយពួកគេទាំងពីរ បានជ្រមុជដល់ចំណុចជ្រៅបំផុតនៃបាតសមុទ្ររបស់ផែនដី ដែលមានឈ្មោះថា Challenger Deep។

បន្ថែមពីនោះ កាលពីខែមិថុនា ឆ្នាំ ២០២២ បុរសដែលមានទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារ ក៏បានមានវត្តមានសម្រាប់ការហោះហើរទៅកាន់លំហអាកាស ជាមួយក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីអាមេរិក Jeff Bezos ផងដែរ។
សូមជម្រាបបន្ថែមថា មកទល់ពេលនេះ ក្រុមអ្នកសង្គ្រោះកំពុងដុតដៃដុតជើង ស្វះស្វែងរកនាវាមុជទឹកដែលបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិក ដ្បិតខ្យល់អុកស៊ីសែននៅក្នុងនាវាមួយនោះក៏កំពុងមានតិចតួច មិនអាចទ្រទ្រង់ដល់អ្នកដំណើរបានយូរផងដែរ៕