ឥណ្ឌូនេស៊ី នឹងបញ្ឈប់ការនាំចេញរ៉ែទង់ដែងទាំងស្រុង នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ

អន្តរជាតិ

ថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា​ ប្រទេសរបស់ខ្លួន នឹងលែងឱ្យមានការនាំចេញរ៉ែទង់ដែងទៀតនោះឡើយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ នៅពេលក្រុមហ៊ុនទង់ដែង ក្នុងស្រុកធំៗចំនួន ២ ត្រៀមនឹងបញ្ចប់ការសាងសង់រោងចក្រចម្រាញ់របស់ពួកគេ ហើយនឹងចាប់ផ្តើមធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនទង់ដែង Freeport Indonesia និង Amman Mineral ត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការរោងចក្រចម្រាញ់ថ្មីរបស់ពួកគេ នៅក្នុងខែឧសភា ឆ្នាំក្រោយ ស្របពេលរដ្ឋាភិបាលឥណ្ឌូនេស៊ី បានណែនាំឱ្យក្រុមហ៊ុនទាំងពីរ បន្តការនាំចេញរ៉ែទង់ដែង រហូតដល់ពេលរោងចក្រទាំងនោះ សាងសង់រួចរាល់ ។

គួរឱ្យដឹងផងដែរថា​ ទង់ដែង រួមជាមួយនីកែល គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុត សម្រាប់ដំណើរការការផ្លាស់ប្តូរថាមពលរបស់ឥណ្ឌូនេស៊ី ហើយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងបន្តជីកយកប្រភេទរ៉ែទាំងពីរនេះ នៅក្នុងបរិមាណដ៏ច្រើនបំផុត ។

ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី បាននិងកំពុងសម្លឹងរកមើលការអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែនីកែលរបស់ខ្លួន ដើម្បីអាចឈានទៅដល់ការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ក្នុងគោលបំណងទាក់ទាញក្រុមហ៊ុនបរទេស មកធ្វើការបណ្តាក់ទុន នៅក្នុងប្រទេសរបស់ខ្លួន៕